ខ្សែការពារ Sergio Ramos និងខ្សែប្រយុទ្ធ Alvaro Morata សុទ្ធសឹងបានស៊ុតបាល់ប៉េណាល់ទីដូចគ្នា ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានផ្តួលក្រុមជម្រើសជាតិស៊ុយអែត ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃចន្ទ ដើម្បីរក្សាការចាប់ផ្តើមយ៉ាងល្អរប់ពួកគេ ក្នុងយុទ្ធនាការជម្រុះ Euro ឆ្នាំ២០២០។

ក្រុមជម្រើសជាតិអេស្ប៉ាញ បានជួបការលំបាកក្នុងការទម្លុះតំបន់ការពាររបស់ក្រុមស៊ុយអែត នាកីឡដ្ឋាន Santiago Bernabeu នៅមុនពេល Ramos បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៦៤ ក្រោយពីកីឡាករ Sebastian Larsson បានយកដៃរបស់គេរារាំងការស៊ុតបាល់សំដៅទីរបស់ Marco Asensio។ បន្ទាប់មក គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅជិតបញ្ចប់ការប្រកួត បានជួយឲ្យក្រុមម្ចាស់ផ្ទះមានភាពកក់ក្តៅ ខណៈដែល Ramos បានផ្តល់បាល់ពិន័យប៉េណាល់ទីជាលើកទី២ដល់ Morata នៅមុនពេលកីឡាករ Mikel Oyarzabal បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៣។

ជ័យជម្នះនេះមានន័យថា ក្រុមជម្រើសជាតិអេស្ប៉ាញ នៅតែរក្សាការឈរលេខ១ក្នុងពូល F ដោយនាំមុខ៥ពិន្ទុលើក្រុមឈរលេខ២ ស៊ុយអែត ក្រោយពីឈ្នះ៤លើកពីការប្រកួតទាំង៤លើក។ ការមានប្រៀបរបស់អេស្ប៉ាញ បានជួយឲ្យអេស្ប៉ាញ វិលទៅរកទម្រង់លេងយ៉ាងល្អ ក្រោយពីការបង្ហាញពីទម្រង់លេងយ៉ាងខកចិត្តក្នុងយុទ្ធនាការ UEFA Nations League បើទោះបីការដណ្តើមបានជ័យជម្នះទាំង៣លើកដំបូងរបស់ពួកគេ បានកើតឡើងនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិន័រវែស ម៉ាល់តិ៍ និងកោះហ្វារ៉ូ ក៏ដោយ។

លោក Luis Enrique បានអវត្តមានពីការប្រកួត ចាប់តាំងពីក្រុមអេស្ប៉ាញ យកឈ្នះលើក្រុមម៉ាល់តិ៍ កាលពីខែមីនា ដោយសារតែបញ្ហាគ្រួសារ ហើយលោកបានអវត្តមានម្តងទៀត ដោយទុកឲ្យលោក Robert Moreno ដែលជាគ្រូបង្វឹកជំនួយ ដឹកនាំក្រុមជំនួស៕

ប្រភពព័ត៌មាន៖ Channel News Asia