ក្លិប Manchester United កំពុងតែបង្ហាញពីការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែការពារអន្តរជាតិអង់គ្លេស Harry Maguire របស់ក្លិប Leicester បើទោះបីក្លិបដែលមានរហស្សនាមថា ចចកកំណាចមួយនេះ មិនចង់លក់កីឡាកររបស់ខ្លួនក៏ដោយ។

Man United បានលុបចោលការពិភាក្សាផ្សេងៗកាលពីរដូវក្តៅមុន ខណៈដែលពួកគេមានអារម្មណ៍ថា ការដាក់តម្លៃខ្លួនក្នុងទឹកប្រាក់ចំនួន៧០លានផោន ទៅលើកីឡាករវ័យ២៦ឆ្នាំរូបនេះ គឺជាតម្លៃខ្លួនដ៏ខ្ពស់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ស្របពេលដែលលោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅ ចង់ពង្រឹងតំបន់ការពារកណ្តាលរបស់លោក នៅរដូវក្តៅនេះ Maguire នៅតែស្ថិតក្នុងរ៉ាដារបស់ក្លិប។

ប៉ុន្តែ Leicester នៅតែរក្សាជំហរដ៏រឹងមាំរបស់ខ្លួន។ ខ្សែការពាររូបនេះ ទើបតែបានបន្តកុងត្រារយៈពេល៥ឆ្នាំទៀត កាលពីខែកញ្ញា ឆ្នាំមុន ហើយលោក Brendan Rodgers ដែលជាអ្នកចាត់ការទូទៅថ្មី បានបញ្ជាក់យ៉ាងច្បាស់ក្នុងពេលបញ្ចប់រដូវកាលថ្មីៗនេះ លោកមានអារម្មណ៍ថា Maguire អាចអភិវឌ្ឍបន្ថែមទៀត ប្រសិនបើរូបគេបន្តស្ថិតក្នុងកក្លិប Leicester។ ខ្សែការពារកណ្តាលអន្តរជាតិអង់គ្លេសរូបនេះ មិនមែនជាខ្សែការពារតែម្នាក់ដែលស្ថិតក្នុងរ៉ាដារបស់ Man United ឡើយ។

លោក Solskjaer ក៏នៅតែចាប់អារម្មណ៍លើខ្សែការពារ Aaron Wan-Bissaka វ័យ២១ឆ្នាំរបស់ក្លិប Crystal Palace ផងដែរ។ កីឡាករវ័យ២១ឆ្នាំរូបនេះ បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិប Crystal Palace នៅរដូវកាលនេះ។ Man United នឹងត្រូវតែចំណាយប្រាក់យ៉ាងហោចណាស់៤០លានផោន ប្រសិនបើពួកគេចង់បានខ្សែការពារវ័យក្មេងរូបនេះ៕
ប្រភពព័ត៌មាន៖ BBC