ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០១៧ វ៉ាន់ វឿន បានធ្វើឲ្យអ្នកទស្សនា ចូលរួមការប្រកួតនៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ស្ទើរតែមិនចង់ជឿ ទៅលើបច្ចេកទេសវាយកែងយ៉ាងល្អរបស់គេ ក្នុងការផ្តួលថៃ Yodchakkrit ឲ្យសន្លប់ ដោយប្រើពេលត្រឹមរយៈពេល២នាទីនោះ។

ការប្រកួតគូរអន្តរជាតិមួយគូរនេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទាល់ មានការចាប់អារម្មណ៍ តាំងពីមុនការប្រកួតចាប់ផ្តើម នៅពេល Yodchakkrit បានបោះពាក្យសម្តីថា នឹងធ្វើឲ្យ វ៉ាន់ វឿន ស្គាល់ថ្នាំខ្លាំង ក្រោមស្នាដៃរបស់គេនោះ ប៉ុន្តែនៅក្នុងវាយប្តូរគ្នាត្រឹមរយៈពេល២នាទី Yodchakkrit ទៅវិញទេ ដែលទទួលថ្នាំខ្លាំង ខណៈ វ៉ាន់ វឿន បានវាយកែងស្តាំចូលថ្គាម បណ្តាលឲ្យរូបគេដួលដេកសន្លប់ស្តូកស្តង់នោះ។

ការវាយកែងខ្លីផ្តួលគូប្រកួតឲ្យសន្លប់ ត្រឹមរយៈពេល២នាទី នៅក្នុងទឹកទី១នេះ បានធ្វើឲ្យអ្នកទស្សនា មានការភ្ញាក់ផ្អើលខ្លាំង។ វ៉ាន់ វឿន បាននិយាយក្រោយការប្រកួតថា៖«មុនពេលប្រកួត ខ្ញុំមិនគិតថា គេល្អនោះទេ ហើយខ្ញុំក៏គ្មានអារម្មណ៍ ភ័យខ្លាចនោះដែរ ព្រោះនៅក្នុងការហ្វឹកហាត់ ខ្ញុំហាត់ទាំងអស់ ទាំងដៃ កែង ជើង ជង្គង់ និងទាត់ ហើយពេលប្រកួតខ្ញុំចេញទាំងអស់»។

យ៉ាងណាក៏ដោយ ការឈ្នះយ៉ាងងាយបែបនេះ បានធ្វើឲ្យ វ៉ាន់ វឿន ចង់ជួបអ្នកខ្លាំងវិញម្តង ដោយរូបគេបានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់បានប្រើកែងផ្តួលឲ្យគេសន្លប់ច្រើនដែរហើយ ហេតុនេះបើសិនជាខាង PNN ផ្គូផ្គងឲ្យខ្ញុំ បានប្រកួតអន្តរជាតិនៅលើកក្រោយទេ ខ្ញុំចង់ជួបអ្នកខ្លាំង»។

សិស្សគណក្លិបខ្លាំងមឿនកីឡា វ៉ាន់ វឿន បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំដឹងថា សមត្ថភាពរបស់ខ្ញុំ នៅមានកម្រិត ប៉ុន្តែខ្ញុំចង់ជួបអ្នកខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំថែមទៀត ហើយខ្ញុំសូមអរគុណដល់បងប្អូន ដែលតែងតែគាំទ្រខ្ញុំ និងស្រឡាញ់វិស័យកីឡាគុនខ្មែរ ហើយខ្ញុំសន្យាថា ខ្ញុំនឹងខំប្រឹងបង្កើនសមត្ថភាពរបស់ខ្ញុំ ឲ្យខ្លាំងជាងនេះទៀត»៕