ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានផ្តួលក្រុមជម្រើសជាតិហុងឌូរ៉ាស ដោយគ្មានតារាឆ្នើម Neymar យ៉ាងចាស់ក្នុងលទ្ធផល ៧-០ ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ នៅមុនពេលធ្វើជាម្ចាស់ផ្ទះយុទ្ធនាការ Copa America ឆ្នាំ២០១៩។
ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លិប Manchester City និងខ្សែការពារ Thiago Silva បានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីល នាំមុខចំនួន២គ្រាប់មុន នៅមុនពេលខ្សែបម្រើស្លាប Philippe Coutinho បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៣ ពីចំណុចពិន័យ១១ម៉ែត្រ។
Jesus បានរកគ្រាប់បាល់ទី៤ ក្រោយពីបញ្ចប់តង់ទី១ ហើយ David Neres ដែលបានបង្ហាញខ្លួនជាលើកទី១របស់គេសម្រាប់ក្រុមជម្រើសជាតិ បានជួយឲ្យក្រុមខ្លួននាំមុខ ៥-០ នៅនាទី ទី៥៦។ ខ្សែប្រយុទ្ធបម្រុង Roberto Firmino បានបន្ថែមគ្រាប់បាល់ទី៦ នៅនាទី ទី៦៥ ហើយកីឡាករ Richarlison បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនក្នុងរយៈពេល២០នាទីចុងក្រោយ។
ក្រុមម្ចាស់ជើងឯក៨សម័យកាល ប្រេស៊ីល បច្ចុប្បន្ន បានបំពេញការប្រកួតកម្តៅសាច់របស់ពួកគេរួចរាល់ឡើយ ដើម្បីត្រៀមសម្រាប់យុទ្ធនាការនៅរដូវក្តៅនេះ។ ក្រុមជម្រើសជាតិប្រេស៊ីល នឹងចាប់ផ្តើមការប្រកួតក្នុងពូល A របស់ពួកគេ ដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិបូលីវី ក្នុងទីក្រុង Sao Paulo នៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ចុងសប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ BBC