ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុមតួកគី នៅថ្ងៃសៅរ៍នេះ ដើម្បីជួបជាមួយនឹងក្រុមមួយ ដែលបានឡើងទម្រង់លេងឡើងវិញ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Senol Gunes ខណៈដែលការប្រកួតជម្រុះសម្រាប់យុទ្ធនាការ Euro ឆ្នាំ២០២០ វិលត្រឡប់មកវិញ ដោយគ្មានការខកចិត្តខ្លាំងក្នុងយុទ្ធនាការ Nations League។
លោក Gunes អតីតអ្នកចាំទីរបស់ក្រុមជម្រើសជាតិតួកគី បានចូលកាន់តំណែងក្រុមជម្រើសជាតិជាលើកទី២ ដើម្បីដឹកនាំក្រុមមួយដែលបានធ្លាក់ចុះទម្រង់លេង និងបានខកខានក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ World Cup កាលពីឆ្នាំមុន នៅរុស្ស៊ី ហើយក៏បានធ្លាក់ចេញទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី៣នៃ UEFA Nations League ផងដែរ។ ចាប់តាំងពីគ្រូបង្វឹកវ័យ៦៧ឆ្នាំរូបនេះវិលទៅដឹកនាំក្រុមវិញ ក្រោយពីបានដឹកនាំតួកគី ឲ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ក្នុងពេលចូលកាន់តំណែងជាលើកទី១របស់លោក ក្រុមរបស់លោក បានឈ្នះ៤លើកពីការប្រកួតទាំង៤លើក ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតជម្រុះ Euro ២លើក ពេលជួបក្រមជម្រើសជាតិអាល់បានី និងម៉ុលដាវី ផងដែរ។
ការដណ្តើមបានជ័យជម្នះទាំង២លើកនោះ បានធ្វើឲ្យតួកគី មានពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិបារាំង ដែលកំពុងនាំមុខក្នុងពូល H ដោយសារតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាង ក្រោយពីបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ទាំងលើក្រុម ជម្រើសជាតិម៉ុលដាវី និងអ៊ីស្លង់ ក្នុងការប្រកួត២លើកដំបូងរបស់ខ្លួន។ ខ្សែបម្រើអន្តរជាតិបារាំង Blaise Matuidi របស់ក្លិប Juventus បានឲ្យដឹងថា៖ «វានឹងក្លាយជាការប្រកួតមួយក្នុងបរិយាកាសដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ពីព្រោះការលេងនៅទីនោះ វាមិនងាយស្រួលឡើយក្នុងការដោះស្រាយពីការរងសម្ពាធដោយសារតែអ្នកគាំទ្រ»៕
ប្រភព៖ Channel News Asia