(ភ្នំពេញ)៖ កីឡាករ ចាន់ វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី បានបង្ហោះសារលើទំព័រហ្វេសប៊ុករៀងៗខ្លួនពាក់ព័ន្ធ នឹងការ ប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងជើងទី១ នៃវគ្គជម្រុះដំបូង ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតានាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩ នេះ។
តើអ្នកទាំងពីរបានសរសេរអ្វីខ្លះ ចំពោះការប្រកួតដ៏សំខាន់នេះ ខណៈកីឡាករមានប្រជាប្រិយភាពទាំង ២រូបមិន ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីបំពេញបេសកកម្មនេះឡើយ?
ចំពោះកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះសារថា «សូមជ័យជំនះកើតមាន ចំពោះក្រុមជម្រើសជាតិកម្ពុជា របស់យើង ទាំងក្នុងការប្រកួតថ្ងៃនេះ ក៏ដូចជាការប្រកួតជើងទី២។ សូមចូលរួមផ្ដល់កំលាំងចិត្តដល់ក្រុម ជម្រើសជាតិយើងទាំងអស់គ្នា ៉ទាំងអស់គ្នា ដើម្បីកម្ពុជា”»។
រីឯសិស្សច្បង ស៊ូ យ៉ាទី បានសរសេរថា «ថ្ងៃនេះកុំភ្លេចណាបងប្អូន…សូមចូលរួមទស្សនាបាល់ទាត់ខ្មែរយើង អោយបានច្រើនកុះករ ខ្មែរស្រលាញ់ខ្មែរ។ (ទោះបីមិនមានវត្តមានខ្ញុំក៏ដោយ តែខ្ញុំនៅតែគាំទ្រ)…។ ជម្រើស ជាតិយើង គឺជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា»។
នេះគឺជាសារគួរឲ្យសរសើរ ចំពោះអ្នកទាំងពីរ ដែលអ្នកគាំទ្រ មិនគួររំលងការប្រកួតរបស់ក្រុមរហស្សនាម គោព្រៃកម្ពុជាល្ងាចនេះឡើយ។ ដូច្នេះសង្ឃឹមថា ការប្រកួតទល់នឹងប៉ាគីស្ថានល្ងាចនេះ នឹងមានវត្តមានអ្នកគាំទ្រ ចូលរួមទស្សនាច្រើន ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គបន្ដ។
សូមរំឮកថា ការប្រកួតជម្រុះដំបូង នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ រវាងក្រុមគោព្រៃកម្ពុជា និងប៉ាគីស្ថាន នឹងធ្វើឡើង ២ជើង ដើម្បីកាត់សេចក្ដី រកក្រុមខ្លាំងឡើងជុំទី២ ដោយជើងទី១ ក្រុមទាំងពីរ ត្រូវជួបគ្នាលើទឹកដីកម្ពុជា នាម៉ោង ៦៖៣០នាទីល្ងាចនេះ មុនកម្ពុជា ត្រូវធ្វើដំណើរទៅតតាំងជាមួយប៉ាគីស្ថាន ម្តងទៀតក្នុងជើងទី២ នៅប្រទេសកាតា នៅថ្ងៃទី១១ ខែមិថុនាខាងមុខ៕
ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី និយាយអ្វីខ្លះ មុនគោព្រៃកម្ពុជា ប៉ះប៉ាគីស្ថានល្ងាចនេះ?
អត្ថបទទាក់ទង