គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ហាក់មានទំនុកចិត្តខ្ពស់ទៅលើឆន្ទៈនៃការលេងរបស់ក្រុមកម្ពុជា សម្រាប់ការបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងប្រកួតជម្រុះ World Cup 2022 និង Asian Cup 2023 ជុំទី១ ក្នុងតំបន់អាស៊ី នាល្ងាចម៉ោង ៦:៣០។
លោក Felix Dalmas មិនបានចាប់អារម្មណ៍ទៅលើការមន្ទិលសង្ស័យពីសំណាក់អ្នកគាំទ្រ ជុំវិញការកោះហៅកីឡាករវ័យក្មេងភាគច្រើនឲ្យចូលប្រមូលផ្តុំរបស់លោកនោះទេ ដោយលោកបានបញ្ជាក់ថា កីឡាករទាំង២៦នាក់ ដែលលោកបានច្រើនជ្រើសរើសឲ្យចូលជម្រើសជាតិ លើកនេះ គឺសុទ្ធតែអ្នកមានឆន្ទៈខ្ពស់ ក្នុងការលេង ដើម្បីប្រទេសជាតិ និងលេងជាលក្ខណៈក្រុម។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix បាននិយាយ ក្នុងសន្និសីទកាសែត នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃពុធថា៖ «សម្រាប់ការរៀបចំការប្រកួតលើកនេះ គឺខ្ញុំមានទំនុកចិត្តទៅលើកីឡាករ និងក្រុមការងាររបស់យើង ដែលយើងទើបបានផ្លាស់ប្តូរ និងបង្កើតថ្មី ហើយពួកគាត់ ពិតជាធ្វើបានល្អចំពោះក្រុម»។
លោកបានបន្ថែមថា៖ «យើងមានទំនុកចិត្តខ្លាំងទៅលើកីឡាករ ព្រោះពួកគេ មិនត្រឹមតែមានកាយសម្បទាល្អប៉ុណ្ណោះទេ តែថែមទាំងមានគុណភាពខ្ពស់ ក្នុងការប្រកួត ហើយអ្វីដែលរឿងសំខាន់ គឺការលេងជាក្រុម គឺយើងត្រូវការកីឡាករ ដែលមានចំណង់ និងឆន្ទៈខ្ពស់ ក្នុងការលេងសម្រាប់ជម្រើសជាតិ ហើយកីឡាករទាំងអស់ ដែលយើងបានប្រមូលផ្តុំលើកនេះ គឺពួកគាត់មានទឹកចិត្ត និងឆន្ទៈខ្ពស់ក្នុងការលេងឲ្យក្រុមជម្រើសជាតិ អស់ពីចិត្ត អ៊ីចឹងយើងរំពឹងថា ពួកគេនឹងធ្វើបានល្អ»។
បើទោះបីជា លោក Felix បាននិយាយលើកតម្កើងទៅដល់ឆន្ទៈ ក្នុងការលេងរបសើក្រុមជម្រើជាតិកម្ពុជា ប៉ុន្តែកីឡាករទាំង២៦នាក់ ដែលត្រូវបានកោះហៅឲ្យមូលផ្តុំលើកនេះ គឺពួកគេបានហ្វឹកហាត់រួមគ្នាត្រឹមរយៈពេល៣ថ្ងៃគត់ ហើយអ្នកចាត់ទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ក៏បានចូលរួមបង្វឹករួមគ្នា ជាមួយលោក Felix ផងដែរ។
យ៉ាងណាក៏ដោយជុំវិញការហ្វឹកហាត់បានត្រឹម៣ថ្ងៃនេះ ខ្សែការពារជាប្រធានក្រុម សឿយ វិសាល បាននិយាយថា៖ «បើទោះបីជា ការប្រមូលផ្តុំហ្វឹកហាត់លើកនេះ មានរយៈពេលខ្លី ប៉ុន្តែយើងត្រៀមចិត្តបានល្អ ហើយកម្លាំងរបស់យើងក៏ល្អដែរ ដោយសារយើងបានលេងនៅលីកកំពូល រីឯបច្ចេកទេស ក៏មិនសូវជាបញ្ហាប៉ុន្មានដែរ ព្រោះពួកយើង ធ្លាប់បានហាត់ជាមួយលោកគ្រូកន្លងមក»៕