(ប៉ារីស)៖ កីឡាករចាំទីចាស់វស្សា Gianluigi Buffon បានប្រកាសពីការចាកចេញពីក្លឹបបារាំង Paris Saint-Germain នៅខែមិថុនា ឆ្នាំ២០១៩ ក្រោយអស់សុពលភាពកិច្ចសន្យារយៈពេល ១ឆ្នាំនៅក្នុងក្លឹបយក្សមួយនេះ។

បុរសវ័យ ៤១ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយ Paris កាលខែកក្កដា ឆ្នាំ២០១៨ ដែលនឹងផុត កំណត់ចុងខែមិថុនា ឆ្នាំ២០១៩ នេះ ដោយចូលលេងបានចំនួន ២៥ប្រកួតគ្រប់កម្មវិធី និងជួយក្លឹបឈ្នះ ជើងឯក Ligue 1ផងដែរនោះ។

អតីតអ្នកចាំទីដែលបានជួយឲ្យក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះជើងឯក FIFA World Cup 2006 បានចាកចេញពី ក្លឹបសេះបង្កង់ Juventus ដោយគ្មានតម្លៃខ្លួន ក្រោយពេលលេងឲ្យក្លឹបស្ថិតនៅទីក្រុង Turin មួយនេះ អស់រយៈពេល ១៧ឆ្នាំ ជាមួយនឹងការឈ្នះជើងឯក Serie A បាន ៩ដង ពីការចូលលេងបាន ៦៥៦ប្រកួត។

Buffon ជាកីឡាករឈានមុខគេក្នុងការចូលលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលី បាន ១៧៦ដងច្រើនជាងគេ និងបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយមិនអាចជួយអ៊ីតាលីទៅលេង World Cup 2018 នៅប្រទេស រុស្ស៊ី បាន។ Buffon មិនដែលឈ្នះពាន UEFA Champions League ម្តងណាឡើយ ពោលគឺបានជួយក្លឹប Juventus រងជើងឯក ៣ដងកាលឆ្នាំ២០០៣ ចាញ់ AC Milan ឆ្នាំ២០១៤ ចាញ់ក្រុម FC Barcelona និងចុងក្រោយ ឆ្នាំ២០១៧ ចាញ់ក្រុម Real Madrid៕
Credit: Sabay