បេសកកម្មដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងដំណើរស្វែងរកកៅអីវគ្គបន្ដ នៃពានរង្វាន់បាល់ ទាត់ពិភពលោក ឆ្នាំ២០២២២ នៅប្រទេសកាតា(2022 FIFA World Cup qualification-AFC) មកដល់ហើយ ដោយត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជើងទី១ នៃវគ្គជម្រុះដំបូង នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ចំពោះការប្រកួតនេះ គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា លោក Felix G.Dalmas មិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែលោកបានសម្ដែងការជឿជាក់លើកីឡាករកម្ពុជា ដែលលោកជ្រើសរើស ហើយសង្ឃឹម ពួកគេនឹងខិត ខំអស់ពីសមត្ថភាព ដើម្បីនាំមកនូវលទ្ធផលល្អជូនជាតិ និងភាពសប្បាយរីករាយជូនអ្នកគាំទ្រ។ បន្ថែមលើនេះ លោកសង្ឃឹមថា អ្នកគាំទ្រ នឹងបន្ដចូលរួមទស្សនា និងលើកទឹកចិត្តការប្រកួតនេះឲ្យបានច្រើនផងដែរ។

ឯលោក Jose Antonio Nogueira គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន បានលើកឡើងមុនការប្រកួតថា ក្រុមលោករីករាយ សម្រាប់ការមកដល់កម្ពុជា ហើយក៏បានត្រៀមខ្លួនរួចរាល់ ចំពោះការប្រកួតដ៏សំខាន់នេះដែរ។ តែយ៉ាងណាលោកមិនអាចធ្វេសប្រហែស ចំពោះក្រុមម្ចាស់ផ្ទះឡើយ ហើយរឹតតែមិនអាចគិតថា មាឌ ឬកាយ សម្បទារបស់ក្រុមខ្លួន មានអត្ថប្រយោជន៍ខ្លាំងសម្រាប់ក្រុមទៀតផង សំខាន់លោកផ្ដោតលើតាក់ទិច ភាពវ័យ ឆ្លាត និងបច្ចេកទេសលេងរបស់កីឡាករម្នាក់ៗប៉ុណ្ណោះ។

សូមរំឮកថា ការប្រកួតជម្រុះដំបូង នៃព្រឹត្តិការណ៍ 2022 FIFA World Cup qualification-AFC រវាងក្រុមគោព្រៃ កម្ពុជា និងប៉ាគីស្ថាន នឹងធ្វើឡើង ២ជើង ដើម្បីកាត់សេចក្ដី រកក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ ក្នុងនោះជើងទី១ ក្រុមទាំងពីរ ត្រូវជួបគ្នាលើទឹកដីកម្ពុជា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ មុនកម្ពុជា ត្រូវធ្វើដំណើរទៅតតាំងជា មួយប៉ាគីស្ថាន ក្នុងជើងទី២ នាថ្ងៃទី១១ ខែមិថុនាខាងមុខ នៅប្រទេសកាតា ព្រោះប៉ាគីស្ថាន មិនមានស្ថេរភាព នយោបាយ អាចទទួលធ្វើម្ចាស់ផ្ទះផ្ទាល់បាន៕