ខ្សែបម្រើ Christian Eriksen របស់ក្លិប Tottenham បានបញ្ជាក់ថា រូបគេអាចនឹងសាកល្បងអ្វីដែលថ្មី ក្រោយពីមានពាក្យចរចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់គេនៅឯក្លិបនេះ។
Eriksen ដែលត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Real Madrid នោះ នៅជាប់កិច្ចសន្យារយៈពេល១ឆ្នាំទៀត ជាមួយនឹងក្លិប Tottenham របស់ក្របខ័ណ្ឌ Premier League និងមិនទាន់បន្តកិច្ចសន្យាថ្មីនៅឡើយទេ។
ទោះបីជាយ៉ាងណា ខ្សែបម្រើអន្តរជាតិដាណឺម៉ាករូបនេះមិនបានច្រានចោលថា មិនចង់បន្តកិច្ចសន្យាថ្មីឡើយ តាមរយៈការនិយាយថា វាអាស្រ័យទៅលើលក្ខខណ្ឌផ្សេងៗប៉ុណ្ណោះ។ Eriksen វ័យ២៧ឆ្នាំ បានឲ្យដឹងថា៖ «ប្រសិនបើខ្ញុំត្រូវតែទៅ នោះ ជាការរំពឹងទុក វានឹងក្លាយជាជំហានទៅមុខមួយ»។ ក្នុងពេលផ្តល់សម្ភាសន៍ជាមួយនឹងទស្សនាវដ្ដីដាណឺម៉ាក កីឡាកររូបនេះបានប្រាប់បន្តថា៖ «ខ្ញុំសង្ឃឹមថា វានឹងមានភាពច្បាស់លាស់នៅរដូវក្តៅនេះ។ នោះគឺជាផែនការ»។
ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលមួយនៃអាជីពរបស់ខ្ញុំ ដោយខ្ញុំចង់សាកល្បងការព្យាយាមថ្មីមួយ។ Eriksen បានបន្ថែមទៀតថា៖ «ខ្ញុំមានការគោរពយ៉ាងជ្រាលជ្រៅសម្រាប់រាល់អ្វីៗទាំងអស់ដែលកើតឡើងក្នុងក្លិប Tottenham ហើយវាមិនមែនជារឿងអវិជ្ជមានក្នុងការបន្តនៅឡើយ។ ប៉ុន្តែ ខ្ញុំក៏បាននិយាយផងដែរថា ខ្ញុំចង់សាកល្បងអ្វីដែលថ្មី»។
ប្រភពព័ត៌មាន៖ BBC