ក្រោយពីបានជួបភាពរីករាយតាមរយៈការឈ្នះពានក្នុងស្រុក៣ ជាប្រវត្តិសាស្ត្រជាមួយនឹងក្រុម Manchester City ខ្សែប្រយុទ្ធ Raheem Sterling ចង់បញ្ចប់រដូវកាលប្រកបដោយភាពជោគជ័យមួយតាមរយៈការជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ឈ្នះពានជាលើកទី១របស់ខ្លួនក្នុងរយៈពេល៥៣ឆ្នាំ នាយុទ្ធនាការ Nations League។
Sterling នឹងបង្ហាញខ្លួនជាអន្តរជាតិជាលើកទី៥០របស់គេក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិហូឡង់ នៅរាត្រីនេះ ហើយអាចធ្វើជាប្រធានក្រុមជាលើកទី១សម្រាប់ប្រទេសរបស់គេ ប្រសិនបើលោក Gareth Southgate សម្រេចចិត្តមិនដាក់ឲ្យតារាឆ្នើម Harry Kane លេងក្នុងជម្រើសដំបូង។
កីឡាករវ័យ២៤ឆ្នាំរូបនេះ បានស៊ូទ្រាំទៅនឹងការរិះគន់ជាច្រើន ទៅលើទម្រង់លេងរបស់គេក្នុងយុទ្ធនាការអន្តរជាតិ កាលពីមុន ប៉ុន្តែ ការរិះគន់នោះបានផ្លាស់ប្តូរទាំងស្រុង ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី៨គ្រាប់ក្នុងការប្រកួត៤លើកចុងក្រោយរបស់គេសម្រាប់ក្រុមជម្រើសជាតិ។ ក្រោយពីបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន Sterling ជឿជាក់ថា វាដល់ពេលហើយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការបង្ហាញពីភាពខ្លាំងរបស់ក្រុមតាមរយៈការឈ្នះពាន។
ទាក់ទងនឹងការបង្ហាញខ្លួនជាអន្តរជាតិជាលើកទី៥០របស់គេ Sterling បាននិយាយថា៖ «វាជាការសម្រេចនូវសមិទ្ធផលដ៏ធំមួយ។ ប៉ុន្តែ ជាមួយនឹងក្រុមជម្រើសជាតិ នៅពេលនេះ វាដល់ពេលហើយក្នុងការព្យាយាម និងប្រជែងដណ្តើមពាន។ វាជារឿងដ៏គួរឲ្យកត់សម្គាល់ពីចម្ងាយដែលយើងបានទៅ ហើយយើងនៅសល់ផ្លូវដ៏ឆ្ងាយទៀតដែលត្រូវទៅ»៕
ប្រភពព័ត៌មាន៖ Channel News Asia