ប្រដាល់៖ ការប្រកួត​ប្រដាល់​គុន​ខ្មែរ​សន្សំ​ប្រាក់​លាន គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​រៀបចំ​ដោយ ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ខណៈ​ដែល​កីឡាករ​រូប​ណា​ឈ្នះ​នឹង​ទទួល​បាន​ ប្រាក់ឧបត្ថម្ភ​បន្ថែម​លើ​តំលៃ​ខ្លួន​ប្រកួត​ពី​ភេសជ្ជៈ​វើក​។

​លោក អ៉ឹ​ម សុធា​រឹទ្ធិ ដំណាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា កន្លងមក​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​ជាច្រើន ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ដល់​វិស័យ​កីឡា​។ ហើយ​លើក​នេះ​ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​សហការ​ ជា​មួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​អស្ចារ្យ​។​ ចំណែក​លោក នាង ស៊ី​វុត្ថា អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​បើក​កម្មវិធី​នោះ​ថា លោក​អរគុណ​ដល់​ម្ចាស់​ឧបត្ថម្ភ​វើក​ដែល​មក​ចូល​រួម ក៏​ដូច​ជា​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ជា​ថ្មី​ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ប្រដាល់​ឲ្យ​កាន់​តែ​រីក​ចម្រើន​។

ការ​សហការ​បង្កើត​សង្វៀន​នេះ​ឡើយ​ វា​បាន​ជួយ​ដល់​ជីវភាព​កីឡាករ និង​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍន៍​ធន​ធាន ដើម្បី​ត្រៀម​នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផង​ដែរ​។ លោក​ប្ដេជ្ញា​ថា ខាង​ស្ថានីយ​រួម​ទាំង​សហព័ន្ធ​នឹង​ខំ​ប្រឹង​ប្រែង ​រៀប​ចំ​ការ​ប្រកួត​ឲ្យ​បាន​ល្អ និង​ជក់​ចិត្ត​បំផុត​។ ក្នុង​នោះ​ដែរ​ឯកឧត្ដម តែម ម៉ឺន ក៏​បាន​បញ្ជាក់​ដល់​មន្ត្រី​របស់​ខ្លួន​ផង​ដែរ​ថា ត្រូវ​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​សហការ​ជាមួយ​ខាង​ស្ថានីយ រួម​នឹង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ឲ្យ​បាន​ល្អ។

​រំលឹក​ដែរ​ថា កម្មវិធី​ប្រដាល់វើកសង្វៀន​គុន​ខ្មែរ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នេះ ​បើក​ឆាក​សប្ដាហ៍​ទី​១ កាល​ពី​ល្ងាច​ម៉ោង​៦ ថ្ងៃ​ទី​១ ខែ​មិថុនា​កន្លង​ទៅ​នៅ​ស្ទឹងមានជ័យ​។ សង្វៀន​ថ្មី​នេះ​ប្រកួត​រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​ស្ទឹង​មាន​ជ័យ​។ សម្រាប់​លទ្ធផល​សប្ដាហ៍​ដំបូង​នេះ អ៊ូច ធា​រិ​ទ្ធ ​បាន​យក​ឈ្នះ​កីឡា​ករ​មី​យ៉ាន់​ម៉ា​ត្រឹម​ទឹក​ទី​៣, នី សុ​ភី ចាញ់​ពិន្ទុ ថៃ ខណៈ ជ័រ ពៅ ឈ្នះ សូត្រ ខេ​វិ​ន នៅ​ទឹកទី​៣៕
Credit: TBV