ក្លិបបាល់ទាត់បារាំង Paris Saint Germain និងខ្សែប្រយុទ្ធប្រេស៊ីល Neymar Jr ទីបំផុតបានឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ធវៈដែលត្រូវបានប្រព្រឹត្តឡើងដោយបុរសវ័យ ២៧ឆ្នាំរូបនេះ។ អតីតកីឡាករក្រុម Barcelona គាត់បានបដិសេធការចោទប្រកាន់ទាំងអស់លើរូបខ្លួន ដែលត្រូវបានសរសេរនៅក្នុងរបាយការណ៍របស់ប៉ូលីសដែលបានដាក់នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១ ខែមិថុនា ២០១៩ មានស្រ្តីអនាមិកម្នាក់ដាក់ពាក្យបណ្តឹងទៅមន្ត្រីច្បាប់ និងមន្រ្តីសណ្តាប់ធ្នាប់នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីលដើម្បីប្តឹងដល់អតីតកីឡាករក្រុម Santos រូបនេះ ហើយនៅក្នុងរបាយការណ៍បានសរសេរលំអិតថា Neymar បានរំលោភនាងនៅក្នុងសណ្ឋាគារមួយនៅទីក្រុងប៉ារីស ដែលជាកន្លែងរូបគេលេងឲ្យក្លិប Paris St-Germain (PSG) នៅថ្ងៃទី១៥ ខែឧសភា កន្លងទៅ។

ឆ្លើយតបនឹងការចោតប្រកាន់នេះ ដោយយោងតាមសេចក្តីថ្លែងការណ៍វីដេអូដែលត្រូវបានចេញផ្សាយដោយកីឡាករផ្ទាល់កាលពីថ្ងៃទី២ ខែមិថុនា ២០១៩ Neymar បានអះអាងថាគាត់គឺជាជនរងគ្រោះនៃការប៉ុនប៉ងគំរាមទារប្រាក់ពីមេធាវីម្នាក់ដែលអះអាងថាជាតំណាងឱ្យស្ត្រី ដែលមេធាវីនោះបានចោទប្រកាន់ថាគាត់បានរំលោភបំពានស្រ្តីអនាមិកនោះ។ Neymar បានបញ្ជាក់ក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram ថា៖ «ខ្ញុំត្រូវបានគេចោទថា បានរំលោភ។ វាពិតជាពាក្យធ្ងន់ធ្ងរណាស់ វាជារឿងដែលមិនគួរឲ្យជឿសោះ»។ តារាឆ្នើមរូបនេះបានប្រាប់បន្តថា៖ «វាបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ វាពិតជារឿងដ៏គួរឲ្យស្អប់ និងខកចិត្ត ពីព្រោះអ្នកដែលស្គាល់ខ្ញុំ ដឹងយ៉ាងច្បាស់ថា ខ្ញុំជាមនុស្សយ៉ាងម៉េច និងដឹងថា ខ្ញុំនឹងមិនធ្វើរឿងបែបនេះឡើយ»។

បន្ទាប់មក Neymar វ័យ២៧ឆ្នាំ បានបង្ហាញពីសារទំនាក់ទំនងរបស់គេនៅលើ WhatsApp ជាមួយនឹងស្ត្រីរូបនោះ ក្នុងនោះរាប់បញ្ចូលទាំងរូបថតអាក្រាតកាយមួយកំណាត់ខ្លួនរបស់នាងក្នុងពេលស្ថិតនៅលើគ្រែផងដែរ។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «នេះគឺជាទំនាក់ទំនងឯកជន ប៉ុន្តែ វាពិតជារឿងដ៏ចាំបាច់ណាស់ក្នុងការធ្វើឲ្យសាធារណជនដឹងថា វាគ្មានអ្វីដែលបានកើតឡើងឡើយ»៕

មួយវិញទៀតប្រភពព័ត៌មានពីសហរដ្ឋអាមេរិករាយការណ៍ថាពួកគេបានទាក់ទងទៅនិយោជកបច្ចុប្បន្នរបស់ក្លឹប Paris Saint Germain និងសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) ដើម្បីចូលរួមបំភ្លឺករណីនេះ ខណៈដែលអ្នកតំណាងរបស់ PSG មិនបានឆ្លើយតបនោះមន្រ្តី CBF បានបដិសេធការអញ្ជើញដើម្បីបន្តស៊ើបអង្កេតលើករណីនេះ។