ខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីនៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះលើក្រុមជម្រើសជាតិបូលីវី យ៉ាងងាយ ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពមួយ ក្នុងទីក្រុង Nantes កាលពីថ្ងៃអាទិត្យ នៅមុនពេលការវិលទៅកាន់យុទ្ធនាការជម្រុះ Euro ឆ្នាំ២០២២ របស់ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ។
កីឡាករ Thomas Lemar បានជួយឲ្យក្រុមជម្រើសជាតិបារាំង រកបានគ្រាប់បាល់នាំមុខមុន ក្រោយពីលេងបានត្រឹមតែ៥នាទី ហើយ Griezmann ដែលកាលពីខែមុនបានប្រកាសថា រូបគេនឹងចាកចេញពីក្លិប Atletico Madrid បន្ទាប់ពីរយៈពេល៥រដូវកាលនោះ បានរកគ្រាប់បាល់ទី២សម្រាប់ក្រុមខ្លួន នៅមុនពេលសម្រាកតង់ទី១។
Griezmann បានឡើងឈរក្នុងចំណាត់ថ្នាក់លេខ៨ លើតារាងអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្រុមជម្រើសជាតិបារាំង ខណៈដែលគ្រាប់បាល់ទី២៩របស់គេ បានជួយឲ្យរូបគេឡើងទៅឈរពីលើកីឡាករ Youri Djorkaeff ដែលជាសមាជិកឈ្នះពាន World Cup ឆ្នាំ១៩៩៨។ បច្ចុប្បន្ន រូបគេដេញតាមពីក្រោយកីឡាករ Just Fontaine និង Jean-Pierre Papin ត្រឹមតែ១គ្រាប់ប៉ុណ្ណោះ និងតាមពីក្រោយលោក Zinedine Zidane ចំនួន២គ្រាប់។
ជាមួយគ្នានេះ វាក៏បានបង្ហាញពីក្តីកង្វល់មួយផងដែរ សម្រាប់ក្រុមជម្រើសជាតិបារាំង ខណៈដែលពួកគេបានបាត់បង់តារាឆ្នើម Kylian Mbappe ដោយសារតែបញ្ហារបួសកជើង នៅត្រឹមពាក់កណ្តាលតង។ ក្រុមរបស់លោក Didier Deschamps នឹងវិលទៅកាន់ការប្រកួតជម្រុះវិញនៅថ្ងៃទី៨ ខែមិថុនា នៅពេលដែលពួកគេជួបជាមួយនឹងក្រុមជម្រើសជាតិតួកគី ក្នុងពូល H។ ក្រុមជម្រើសជាតិទាំង២ មាន៦ពិន្ទុដូចគ្នា ពីការប្រកួត២លើក។ Griezmann បានឲ្យដឹងថា៖ «យើងត្រូវតែធ្វើការកម្តៅសាច់ដុំបន្តិចបន្តួច។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញនៅប្រទេសតួកគី ហេតុនេះ យើងនឹងត្រូវតែត្រៀមលក្ខខណៈឲ្យរួចរាល់»៕
ប្រភពព័ត៌មាន៖ Channel News Asia
Griezmann រកបានគ្រាប់បាល់ ខណៈបារាំង ផ្តួល ក្រុមបូលីវី
អត្ថបទទាក់ទង