ម្ចាស់ក្លិបរបស់ Liverpool ចង់រក្សាទុកលោក Jurgen Klopp ជាមួយនឹងការបន្តកុងត្រាថ្មីមួយ ក្រោយពីក្លិបនេះបានឈ្នះពានក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍។
អ្នកគាំទ្ររហូតដល់ទៅ៧៥ម៉ឺននាក់ បានទទួលស្វាគមន៍លោក Klopp ដែលកិច្ចសន្យានាពេលបច្ចុប្បន្នរបស់លោកនឹងផុតកំណត់ក្នុងឆ្នាំ២០២២ និងកីឡាកររបស់លោកសម្រាប់ការវិលត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃអាទិត្យ ក្រោយពីបានយកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ២-០ ក្នុងទីក្រុងម៉ាឌ្រីដ។ ក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់កម្មសិទ្ធិក្លិប Liverpool ចង់ឲ្យ Klopp សញ្ជាតិអាល្លឺម៉ង់ វ័យ៥១ឆ្នាំ បន្តដឹកនាំក្រុមឲ្យបានរយៈពេលកាន់តែយូរ។
លោក Tom Werner ដែលជាប្រធានក្លិបបានឲ្យដឹងថា៖ «លោក Jurgen គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា គាត់ជាបុរសសុភាពរាបសារ និងស្គាល់ទុក្ខធុរៈម្នាកើ។ នៅពេលដែលកីឡាករបានលើកគាត់បោះចុះឡើង ក្រោយពីការទទួលជ័យជម្នះរបស់យើង ពួកគេបានដឹងពីទឹកចិត្តរបស់អ្នកគាំទ្រ Liverpool ទាំងអស់។ គាត់ជាមនុស្សគួរឲ្យស្រឡាញ់សម្រាប់រាល់អ្នកដែលចូលចិត្តកីឡាបាល់ទាត់ទាំងអស់»។
នេះគឺជាការឈ្នះពានរង្វាន់ធំជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីលោក Klopp បានចូលកាន់តំណែងនៅ Anfield ក្នុងឆ្នាំ២០១៥ ហើយអ្នកចាត់ការទូទៅរូបនេះបានបញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើលចំពោះការចូលរួមពីអ្នកគាំទ្រដ៏ច្រើនក្នុងពេលដង្ហែរក្បួនជ័យជម្នះរបស់ពួកគេ។ លោកបានប្រាប់ទូរទស្សន៍ LFC TV ថា៖ «ខ្ញុំមិនដឹងថា មានមនុស្សប៉ុន្មាននាក់រស់នៅទីក្រុង Liverpool ប៉ុន្តែ វាហាក់ដូចជា មិនមានកន្លែងទំនេរច្រើនសម្រាប់អ្នកគាំទ្ររបស់ក្លិបផ្សេងឡើយ»៕
ប្រភពព័ត៌មាន៖ BBC