បាល់ទាត់៖ កីឡាករវ័យក្មេង ២រូបដែលកើតចេញពីថ្នាលយុវជនផ្ទាល់ របស់ក្លិបភ្នំពេញក្រោនរួមមានកីឡាករ អ៊ន ចាន់ប៉ូលីណ និង ជួន ចាន់ចាវ ត្រូវបានក្លិបជោគជ័យជាងគេនៃលីគកំពូលកម្ពុជាមួយនេះ សម្រេចបន្ដកិច្ចសន្យារហូតដល់ឆ្នាំ២០២២ ដូចៗគ្នា ដើម្បីបន្ដរួមចំណែកជួយក្លិបឲ្យកាន់តែល្អប្រសើរថែមទៀត។
បើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់អតីតក្រុមជើងឯក ៦សម័យកាលនេះ អ៊ន ចាន់ប៉ូលីន និង ជួន ចាន់ចាវ បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៩នេះ ពួកគេនឹងត្រូវបន្ដដំណើរជាមួយភ្នំពេញក្រោន ៣ឆ្នាំទៀត ប៉ុន្តែក្លិបមិនបានបញ្ជាក់តម្លៃខ្លួន និងមូលហេតុជុំវិញការបន្ដកិច្ចសន្យាជាច្រើនឆ្នាំ ដល់កីឡាករវ័យក្មេងទាំងពីរឡើយ។ តែក្រឡេកមកមើលភាពជាក់ស្ដែង ពិសេសក្នុងរដូវកាលនេះ អ៊ន ចាន់ប៉ូលីន និង ជួន ចាន់ចាវ សុទ្ធតែបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជួយក្រុម។
មិនតែប៉ុណ្ណោះ អ៊ន ចាន់ប៉ូលីន ត្រូវបានផ្ដល់សេចក្ដីទុកចិត្តពីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឲ្យជាប់ជម្រើសជាតិម្ដងហើយម្ដងទៀតរហូតដល់ក្រុមធំទៀតផង។ ហេតុផលនេះសបញ្ជាក់ឲ្យឃើញថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ដរួមរស់ជាមួយភ្នំពេញក្រោន។
ទន្ទឹមជាមួយការប្រកាសបន្ដកុងត្រាជាមួយកីឡាករក្នុងស្រុកនេះដែរ ភ្នំពេញក្រោនក៏បានប្រកាសចែកផ្លូវ និងបន្ដកិច្ចសន្យាជាមួយកីឡាករបរទេស ២រូបផងដែរ ក្នុងនោះត្រូវបានក្លិបផ្ដល់សេចក្ដីទុកចិត្តបន្ដកិច្ចសន្យារហូតដល់ឆ្នាំ២០២០ ខណៈកីឡាករជប៉ុន Shuhei Mitsuhashi ត្រូវបានក្លិបបញ្ចប់កិច្ចសន្យាក្រោយបង្ហាញខ្លួនបាន ៩ប្រកួត។ ដូច្នេះពេលនេះភ្នំពេញក្រោនសល់កីឡាករបរទេសតែម្នាក់គត់គឺ Paulo Victor៕