ខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា បានទទួលការសរសេរពីគ្រូបង្វឹកក្រុមបឹងកេត ថា រូបគេបានជួយក្រុមច្រើន នៅពេលរូបគេរកបាន៣គ្រាប់តែម្នាក់ឯង ដើម្បីជួយឲ្យបឹងកេត ឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តសៀមរាប ៦-០ ក្នុងការប្រកួតវគ្គ១៦ក្រុម (ថ្នាក់ជាតិ)ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ។
លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់កាលការប្រកួតថា៖ «សម្រាប់ការប្រកួតនេះ ចាន់ វឌ្ឍនាកា បានជួយក្រុមច្រើន គឺវត្តមានរបស់គាត់ បានធ្វើឲ្យតំបន់ប្រយុទ្ធរបស់យុទ្ធយើង មានសកម្មភាពល្អ ហើយគាត់ក៏បានផ្តល់បទពិសោធបានច្រើន ទៅដល់កីឡាករជាយុវជនរបស់យើងផងដែរ។
លោកបានបន្ថែមថា៖«យើងអាចនឹងរកបានចាប់ពី១០គ្រាប់ឡើង បើសិនជាការប្រកួតនេះ ធ្វើនៅលើទីលានល្អជាងនេះ ប៉ុន្តែដោយសារបញ្ហាទីលានមានការលំបាកលេង អ៊ីចឹងការឈ្នះត្រឹម ៦-០ ក៏យើងពេញចិត្តនឹងទទួលយកដែរ»។ សម្រាប់ការប្រកួត នៅកីឡដ្ឋានខេត្តសៀមរាប កាលពីម្សិលមិញនេះ ចាន់ វឌ្ឍនាកា ដែលទើបចុះកុងត្រា៣ឆ្នាំ សម្រាប់ការលេងឲ្យក្លិបបឹងកេត ជាថ្មី បន្ទាប់ពីរូបគេបញ្ចប់កុងត្រាជាមួយក្លិប PKNS របស់ម៉ាឡេស៊ីនោះ រកបាន៣គ្រាប់ជាប់ៗគ្នា តែម្នាក់ឯង គឺនៅនាទីទី៣៥ ទី៥៣ និងនាទីទី៥៧។
ចំណែកខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ជាអ្នករកបានគ្រាប់បាល់បើកឆាក នៅនាទីទី៣ ហើយ ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ជាអ្នករកបានគ្រាប់បាល់ទី៥ នៅនាទីទី៨៦ ហើយគ្រាប់បាល់ទី៦ចុងក្រោយ សម្រេបបានដោយខ្សែបម្រើវ័យក្មេង ឱ ភារុណ នៅនាទីទី៩០។ ជ័យជម្នះនេះ អាចបង្ហាញបានថា បឹងកេត នឹងបានឆ្លងផុតវគ្គជម្រុះ១៦ក្រុមនេះ ដោយគ្មានបញ្ហាអ្វីនោះទេ។
ផ្ទុយពីនេះ ក្រុមអគ្គិសនីកម្ពុជា បានកំពុងនឹងប្រឈមការលំបាកកាន់តែខ្លាំង ក្នុងការគេចឲ្យផុតពីការធ្លាក់ក្នុងវគ្គជម្រុះ១៦ក្រុមនេះ ខណៈពួកគេបានត្រឹមស្មើ ០-០ ជាមួយក្រុមអង្គរថាយហ្គឺរ នៅលើទឹកដីខ្លួនឯង គឺកីឡដ្ឋានអគ្គិសនីកម្ពុជា សម្រាប់ការប្រកួតជើងទី១ កាលពីល្ងាចម្សិលមិញនោះ ព្រោះការប្រកួតកាត់សេចក្តីជើងទី២ នឹងត្រូវធ្វើនៅកីឡដ្ឋានខេត្តសៀមរាបវិញម្តង គឺជាទីលាន ដែលក្រុមអង្គរថាយហ្គឺរ តែងតែផ្តល់ការខកចិត្តឲ្យក្រុមទៅភ្នំពេញ៕
ចាន់ វឌ្ឍនាកា ទទួលបានការសរសើរ ក្រោយស៊ុតបាន៣គ្រាប់ ជួយបឹងកេត ឈ្នះ ៦-០
អត្ថបទទាក់ទង