វត្តមានចុះឈ្មោះផ្លូវការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (CMMAF)ក្នុងតំណែងជាគ្រូបង្វឹករបស់កូនខ្មែរនៅអូស្ត្រាលី ចៅ សួស្ដី ជាផលចំណេញមួយដើម្បីបង្កើតទំនាក់ទំនងរវាងសហព័ន្ធនៅកម្ពុជាទៅកាន់ក្លិប និង កីឡាករកូនខ្មែរខ្លាំងៗនៅប្រទេសអូស្ត្រាលី។ នេះជាការថ្លែងសារដ៏មានន័យរបស់លោក កែ ប៊ិនសូរស្មី អុនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។
ចៅ សួស្ដី ជាអតីតកីឡាករដ៏មានពិសោធន៍ម្នាក់នៅក្នុងគុនចម្រុះ និង ធ្លាប់ប្រកួតនៅសង្វៀន ONE Championship ម្ដងកាលឆ្នាំ ២០១៤ ពេលរៀបចំនៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នបុរសវ័យ ៣៨ ឆ្នាំរូបនេះមានក្លិបប្រដាល់មួយឈ្មោះ CHAU KAIZEN នៅប្រទេសអូស្ត្រាលី ដែលបើកបង្ហាត់សម្រាប់ជនបរទេស និងកូនខ្មែរនៅអូស្ត្រាលី។
លោក កែ ប៊ិនសូរស្មី គូសបញ្ជាក់បែបនេះ៖ «យើងពិតជារីករាយដែល សួស្ដី មកចូលរួមជាមួយពួកយើង។ គេជាអ្នកដែលតាមដានក្បាច់គុនចម្រុះនៅកម្ពុជាតាំងពីដំបូងម៉្លេះ ហើយគេធ្លាប់ប្រកួតនៅ សង្វៀន ONE ម្ដងកាលឆ្នាំ ២០១៤។ ក្ដីស្រលាញ់របស់គេមានជាប់រហូតដល់បង្កើតក្លិបមួយឈ្មោះ CHAU KAIZEN នៅក្រុង Adelaïde ប្រទេសអូស្ត្រាលី។ សួស្ដី មានជំនាញខាងក្បាច់គុន ចម្រុះ និង ជីជិតស៊ូ»។
អនុប្រធានរូបនេះសង្កត់ធ្ងន់ទៀតថា៖ «អ្វីដែលខ្ញុំសោកស្ដាយបន្តិចត្រង់ថា សួស្ដី ចុះឈ្មោះជាគ្រូបង្វឹកមិនមែនជាកីឡាករ។ ប៉ុន្តែយ៉ាងណាក្ដី ក៏វាល្អប្រសើរដែរដោយសារ សួស្ដី មានទំនាក់ទំនងល្អណាស់នៅអូស្ត្រាលី។ យើងសង្ឃឹមថាគាត់ជួយទាក់ទងឲ្យយើងទទួលបានកីឡាករកូនខ្មែរល្អៗពី អូស្ត្រាលី។ ក្នុងនោះយើងឃើញថា David Meak ជាកូនខ្មែរនៅអូស្ត្រាលីដែរ ហើយ David បានប្រកួតទល់នឹងជើងខ្លាំង Christian Lee តារាប្រចាំសង្វៀន ONE កាលខែ កុម្ភៈ ឆ្នាំ ២០១៨»។
យុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាគឺធ្វើយ៉ាងណាដើម្បីទទួលបានគ្រូម្នាក់និងក្លិបមួយយ៉ាងតិចនៅក្រៅប្រទេសដែលមានកូនខ្មែររស់នៅនិងហាត់ក្បាច់គុន ហើយ គ្រូបង្វឹកដើរតួជួយបង្ហាត់ និង ជ្រើសរើសកីឡាករនៅទីនោះ។ ចៅ សួស្ដី ជាគ្រូបង្វឹកម្នាក់ ដែលសក្ដិសមទៅនឹងការជ្រើសរើស របស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ហើយថ្ងៃណាមួយគ្រូបង្វឹករូបនេះនឹងចូលរួមដកស្រង់បទពិសោធន៍មកបង្វឹកនៅកម្ពុជា។
វត្តមាន ចៅ សួស្ដី, Albert Chey, អែម សុវណ្ណារី, សំ ថារ័ត្ន , នៅ ស្រីពៅ, រិន សារ័ត្ន និង កីឡាករជាច្រើនទៀតជាបណ្ដុំនៃកម្លាំងសំខាន់ជំនាន់ក្រោយ ដើម្បីរួមដំណើរទៅប្រកួតតំណាងឲ្យទង់ជាតិកម្ពុជា។ ការប្រកួតតែងតែមានចាញ់ ឬ ឈ្នះ ប៉ុន្តែអ្វីដែលសំខាន់គឺ សហព័ន្ធមានចក្ខុវិស័យដើម្បីប្រមូលផ្ដុំកីឡាករកូនខ្មែរទាំងក្នុង និង ក្រៅប្រទេសឲ្យរួមគ្នាធ្វើក្នុងន័យបង្កើតមោទនភាពជាតិ។
ក្រៅពី ចៅ សួស្ដី សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ទទួលបានសមាជិកជាផ្លូវការពីកូនខ្មែរនៅបារាំង Albert Veera CHEY វ័យ ៣៦ ឆ្នាំ ដែលអតីតកីឡាករប្រដាល់ធ្លាប់គ្រងខ្សែក្រវាត់កម្រិតពិភពលោក និង ឈ្នះខ្សែក្រវាត់ជាច្រើនពេលមកប្រកួតនៅប្រទេសថៃ។ ជាមួយគ្នានោះ ក៏មានការចុះឈ្មោះជាផ្លូវការពីសំណាក់កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ដែលឡើងប្រកួតក្នុងពិភពគុនចម្រុះចំនួន ៣ លើកមិនដែលចាញ់។ អែម សុវណ្ណារី បង្ហើបឲ្យដឹងថា គេនឹងឡើងប្រកួតនៅសង្វៀន ONE Championship នាខែ តុលា ខាងមុខ នេះ ដែលជាការប្រកួតលើកទី២របស់ខ្លួននៅសង្វៀនកម្រិតពិភពលោកនេះ ប៉ុន្តែមិនដឹងថាជួបកីឡាការិនីរូបនេះនោះទេ។
ក្រៅពីដុតដៃដុតជើងទាញយកគ្រូបង្វឹកនិងកីឡាករកូនខ្មែរនៅក្រៅប្រទេស សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (CMMAF) នៅតែសស្រាក់សស្រាំក្នុងការជ្រោមជ្រែងកីឡាករ-កីឡាការិនីក្នុងស្រុក ដើម្បីឲ្យពួកគេទទួលបានការប្រកួតលើឆាកអន្តរជាតិជាបន្តបន្ទាប់ទៀតក្នុងគោលដៅជ្រោងទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ៕
កែ ប៊ិនសូរស្មី៖ «វត្តមានរបស់ ចៅ សួស្ដី បង្កើតទំនាក់ទំនងល្អដើម្បីស្វែងរកកីឡាករមានសមត្ថភាពច្រើនទៀតនៅអូស្ត្រាលី»
អត្ថបទទាក់ទង