បាល់ទាត់៖ ​ក្រុម​បាល់ទាត់​ស្ត្រី​អង់គ្លេស​​បាន​កក់​កៅអី​នៅ​វគ្គ 8ក្រុម​ចុងក្រោយ​ហើយ​ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ស្ត្រី​ជើងឯក​ពិភពលោក FIFA Women’s World Cup 2019 ក្រោយ​យកឈ្នះ​ក្រុមមក​ពី​អាហ្វ្រិក​កាមេរ៉ូន 3-0​។

​​អង់គ្លេស​ដែល​ដឹកនាំ​ដោយ​អតីត​ខ្សែ​ការពារ Everton, Phil Neville បាន​បើក​ការ​នាំមុខ​ដំបូង​នៅ​នាទី​ទី14 ដោយ Steph Houghton មុន​ពេល​រឿង​ចម្រូងចម្រាស​ចាប់ផ្ដើម​កើតមាន​។ ​គ្រាប់​ទី2 ​របស់​អង់គ្លេស​កើតឡើង​នៅ​នាទី​ទី45+4 ទៅ​ហើយ​ដោយ Ellen White ខណៈ​អាជ្ញា​កណ្ដាល​ខ្សែបន្ទាត់​ថា​ បាល់​នេះ​ស្ថិត​ក្នុង​ជំហរ​ក្រៅ​ល្បែង មុន​ពេល​ដែល VAR ពិនិត្យ​ឃើញ​ថា​ មិន​អី​ក៏ឲ្យ​គ្រាប់​បាល់​នេះ​ទៅ​អង់គ្លេសនាំមុខ 2-0 ខណៈ​មាន​ការ​តវ៉ា​ខ្លាំង​ពី​ភាគី​កាមេរ៉ូន​។

ជា​ប្រកួត​ដែល VAR ធ្វើការ​ច្រើន ខណៈ​កាមេរ៉ូន​តាម​បាន​មួយ​គ្រាប់ វិញ​តែ VAR ថា​បាល់​ក្រៅ​ជំហរ​ល្បែង​។ ​ឈាន​ចូល​វគ្គ​ទី2 ​អង់គ្លេស​កាន់តែ​ធានា​បាន​ជ័យជំនះ​នៅ​ពេល Greenwood បន្ថែម​គ្រាប់​ទី​3 នៅ​នាទី​ទី54 ឲ្យ​អង់គ្លេស​ឡើង​វគ្គ 8ក្រុម​ចុងក្រោយ​ជួប​ជាមួយ​ន័រវែស។ ​​ក្រឡេក​​មួយ​គូ​ទៀត ក្រុម​ម្ចាស់ផ្ទះ​បារាំង​យកឈ្នះ​សាំ​បា​ប្រេ​ស៊ី​ល 2-1 យ៉ាង​តានតឹងរួម​ជាមួយ​នឹង​ការ​សំរេច​របស់ VAR ផង​ដែរ​។ ​

ការប្រកួត​ដ៏​តានតឹង ក្រុម​បារាំង​មានឱកាស​នាំមុខ​មុន​ក្នុង​វគ្គ​ទី1 ​តែ​គ្រាប់​បាល់​របស់ Valerie Gauvin​ អាជ្ញា​កណ្ដាល​មិន​ឲ្យ​ក្រោយ​ឆែក VAR​។ Valerie Gauvin ​ដដែលក៏​រក​គ្រាប់​បាល់​ទាល់តែ​បាន​នៅ​វគ្គ​ទី2 ​នៅ​នាទី​ទី52 មុន​ពេល​ដែល​ប្រេ​ស៊ី​លតា​ម​ស្មើ​វិញ​ដោយ Moraes Rosa Moreno ខណៈ​គ្រាប់​នេះ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាប់​ថា ​ជា​ជំហរ​ក្រៅល្បែង ​តែ VAR ពិនិត្យ​ឃើញ​ថា​មិន​អី​។ 1-1​ ​នេះ​រក្សា​ដល់​ចប់​ការ​ប្រកួត អូស​បន្លាយ​ចូល​ម៉ោង​បន្ថែម 15នាទី​ទី​ពីរ​ដង​។

Amandine Henry គឺជា​អ្នក​សំរេច​គ្រាប់​ជ័យជំនះ​នាំ​បារាំង​ឡើង​វគ្គ 8ក្រុម​ចុងក្រោយ​នៅ​នាទី​ទី​106 ឡើង​ជួប​អាមេរិក រឺ​អេ​ស្ប៉ា​ញ​។ នេះ​ជា​ការ​ឈាន​ចូល​វគ្គ 8ក្រុម​ចុងក្រោយ 3​លើក​ជាប់​គ្នា​សំរាប់​បារាំង ខណៈ​ប្រេ​ស៊ី​ល​ធ្លាក់​ត្រឹម​វគ្គ 16ក្រុម​ពីរ​លើក​ជាប់​គ្នា​៕
By: BTV