ស្ថានីយទូរទស្សន៍ SEATV និងក្រុមហ៊ុនភេសជ្ជៈ Boostrong បានរួមគ្នាបង្កើតឲ្យមានព្រឹត្តិការណ៍ប្រដាល់ថ្មីមួយទៀត ឈ្មោះថា ការប្រកួតអន្តរជាតិដណ្តើមពានរង្វាន់មេដាយមាស Boostrong Figter on Fire ដែលនឹងចាប់ដំណើរការប្រកួតជម្រុះវិលជុំ លើកទី១ នៅព្រឹកថ្ងៃអាទិត្យនេះ។

កីឡាករកម្ពុជាចំនួន៨នាក់ នឹងត្រូវដាក់ឲ្យប្រកួតប្រជែងគ្នា ជាមួយកីឡាករថៃ អ៊ីរ៉ង់ អូស្រ្តាលី និងចិន នៅក្នុងព្រឹត្តិការណ៍ថ្មីមួយនេះ ហើយរូបមន្តនៃការប្រកួត មានលក្ខណៈប្លែកដាច់ពីកម្មវិធីប្រកួតផ្សេងទៀត គឺកីឡាករកម្ពុជាទាំង៨នាក់នេះ ត្រូវប្រកួតជម្រុះដំណាក់កាលទី១ ជាមួយកីឡាករបរទេសទាំង៨នាក់នេះ រកអ្នកឈ្នះឡើងទៅវគ្គ៨នាក់ចុងក្រោយ។

ចំណែកអ្នកអ្នក ជាបន្តទៀត នៅវគ្គ៨នាក់ចុងក្រោយ នឹងត្រូវឡើងទៅជួបគ្នា នៅវគ្គ៤នាក់ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រីឯអ្នកឈ្នះក្នុងវគ្គនេះ ត្រូវឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកខ្សែក្រវាត់ និងមេដាយមាស អមជាមួយប្រាក់រង្វាន់ចំនួន៥០០០ដុល្លារ សម្រាប់អ្នកបានលេខ១ និង២០០០ដុល្លារ សម្រាប់អ្នកបានលេខ២ ហើយអ្នកបានលេខ៣ និងលេខ៤ ក៏ទទួលបានប្រាក់រង្វាន់ដែរ។

រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺនៅក្នុងការប្រកួត ក្នុងដំណាក់កាលនីមួយៗ តម្រូវឲ្យធ្វើការចាប់ឆ្នោតដូចគ្នាទាំងអស់ គឺចាប់ឆ្នោតភ្លាមៗ នៅមុនការប្រកួតតែម្តង។ ចំណែកនៅព្រឹកថ្ងៃអាទិត្យនេះ នឹងមានការធ្វើសន្និសីទកាសែតមួយ ហើយកីឡាករទាំង១៦នាក់ នឹងត្រូវធ្វើការចាប់ឆ្នោត រួចយក៤នាក់ ធ្វើការប្រកួតភ្លាមៗ នៅថ្ងៃនោះតែម្តង ខណៈអ្នកនៅសល់ ទុកប្រកួតនៅសប្តាហ៍ ជាបន្តបន្ទាប់ទៀត។

លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រចាំសង្វៀន SEATV បានចាត់ទុកព្រឹត្តិការណ៍ថ្មីនេះ ថាជាការប្រកួតដែលប្លែក និងមានការទាក់ទាញខ្លាំង ដោយលោកបាននិយាយថា៖ «ព្រឹត្តិការណ៍នេះ យើងប្រើរូបមន្តប្រកួតថ្មីមួយ ដែលមានលក្ខណៈទាក់ទាញ ហើយកីឡាករកម្ពុជាចំនួន៨នាក់ ដែលត្រូវប៉ះកីឡាករបរទេសចំនួន៨នាក់ គឺតម្រូវឲ្យចាប់ឆ្នោតភ្លាម និងប្រកួតគ្នាភ្លាមតែម្តង ក្នុងពេលផ្សាយផ្ទាល់ រាល់ព្រឹកថ្ងៃអាទិត្យ»។

យ៉ាងណាក៏ដោយ សម្រាប់សមាសភាពកីឡាករកម្ពុជាទាំង៨នាក់ សុទ្ធតែជាកីឡាករជើងចាស់ ដែលអ្នកខ្លះ បានបាត់បង់ប្រិយភាពអស់ទៅហើយ ក្នុងនោះមាន ទេស សំខាន់ ក្លិបកងពលលេខ៧០ ហេង សំរាំង ក្លិបព្រៃទទឹងខេត្តបាត់ដំបង វង្ស វិឆ័យ ក្លិបទ័ពឆ័ត្រយោង៩១១ នន់ ជំនិត មកពីខេត្តកណ្តាល ធី តុងហ៊ី ក្លិបប៉ោយប៉ែតខេត្តបន្ទាយមានជ័យ យ៉ាម ខេមរា ក្លិបរស្មីកុមារកំព្រា ធឿន វិថាត់ មកពីខេត្តព្រៃវែង និង ឆៃ សារ៉ា របស់សមាគមប្រដាល់ក្រសួងការពារជាតិ។

ចំណែកអ្នកប្រដាល់បរទេសទាំង៨នាក់ មានថៃ៤នាក់ គឺ Kwan Ek , Phach Namnoeng, Chhuok Namchhi, Farmichhai កីឡាករអីរ៉ង់ Gafari Goloojeh, Matinកីឡាករអូស្ត្រាលី Davinchan និងកីឡាករចិន Roan Xiaohu ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា អ្នកទាំងនេះ មានសមត្ថភាពខ្លាំង ឬយ៉ាងណានោះទេ៕