ប្រដាល់សកល៖ ប៉ុន្មាន​ថ្ងៃ​មក​នេះ​ក្រោយ​លេច​វត្តមាន​ជើង​ខ្លាំង​កូន​ខ្មែរ​-​អាមេរិក អេ​រីក ប៉ែន ភា​រុន លើស​ង្វៀន WBA Asia South ដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចាប់អារម្មណ៍ និង​ស្មើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ទាក់ទង​រូបគេ​មក​ប្រ​កួត​តំណាង​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ។

​​ប៉ុន្តែ​អ្នក​ជំនាញ​កីឡា​កម្ពុជា​បាន​បញ្ជាក់​ថា មាន​លក្ខខណ្ឌ​មួយ​ចំនួន​តម្រូវ​ឲ្យ​ អ្នក​ប្រដាល់​សកល​ទម្ងន់​យក្ស​នេះ​ធ្វើ ទើប​គេ​អាច​ប្រកួត​តំណាង​កម្ពុជាលើ​ប្រភេទ​កីឡា​អូឡាំពិក​បាន។ នេះ​បើ​តាម​ការ​អះអាង​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​សម្ដែង​ការ​សាទរដែល​មាន​កូន​ខ្មែរ​នៅ​បរទេស ​មាន​សមត្ថ​ភាព​ល្អ​ផ្នែក​កីឡា​ជំនាញ ហើយ​ឯកឧត្ដម​ក៏បាន​ជំរុញ​សហព័ន្ធ ក្នុង​ការ​ស្វែងរក​ទំនាក់ទំនងដើម្បី​ធ្វើ​ការងារ​ជាមួយ អេ​រីក ប៉ែន ក្នុង​ទិស​ដៅ​នាំ​គេ​មក​ប្រកួត​តំណាង​ប្រទេស​កំណើត ក្នុងនាម​ជា​កីឡាករ​មាន​ឪពុក​-​ម្ដាយ​ជា​ខ្មែរ​ផង​ដែរ។​

ប៉ុន្តែ​ឯកឧត្ដម​បាន​បញ្ជាក់​ថា ការប្រកួត​របស់ អេ​រីក ប៉ែន កន្លងមក​គឺជា​ការ​ប្រកួត​អាជីព ក្នុង​ន័យ​នេះ​គេ​មិន​អាច​ប្រកួត​កីឡា​អូឡាំពិក​បានទេ ព្រោះ​មាន​លក្ខខណ្ឌ​ផ្ទុយគ្នា ពោល​គឺ​កីឡា​អាជីព​ផ្ដោត​លើ​ការ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ ដើម្បី​ជ័យជម្នះ តែ​កីឡា​អូឡាំពិក​ត្រូវការ​ត្រឹម​វាយ​ចំ​គោលដៅ​ ដើម្បី​ទទួល​បាន​ពិន្ទុ​ប៉ុណ្ណោះ។ ​ដោយ​ហេតុ​នេះ អេ​រីក ប៉ែន អាច​មក​ប្រកួត​តំណាង​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ដូចជា​កីឡា​ស៊ី​ហ្គេម, អាស៊ី​ហ្គេម និង​អូឡាំពិក​ហ្គេម​បាន លុះត្រាតែ​គេ​សម្រប​ការ​ប្រកួត​តាម​លក្ខខណ្ឌ​ប្រភេទ​កីឡា​អូឡាំពិក​។

តែ​យ៉ាងណា​កម្ពុជា​នៅតែ​ត្រៀម​បើកទ្វារ​ស្វាគមន៍​ជានិច្ច ចំពោះ​វត្ត​មាន​កូន​ខ្មែរកើត​លើ​ទឹកដី​អាមេរិក​រូប​នេះ ក្នុង​ការ​មក​ប្រកួត​តំណាង​ប្រទេស​កំណើត​របស់​ខ្លួន។​ គួរ​បញ្ជាក់​ថា អេ​រីក ប៉ែន គឺ​មាន​ឪពុកម្ដាយ​ជា​ខ្មែរនៅ​ខេត្ត​កំពត ប៉ុន្តែ​រូបគេ​បាន​ចាប់​កំណើត និង​ធំ​ដឹងក្ដីនៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក។ លុះ​ចម្រើន​វ័យ​បាន​ជាង ២០​ឆ្នាំ​រូបគេ​ក៏​ចាប់ផ្ដើម​ហ្វឹកហាត់​ប្រដាល់​សកល រហូត​វិវត្តន៍​ក្លាយ​ជា​កីឡាករ​អាជីព​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ហើយ​កាល​ពី​ពេល​ថ្មីៗ​គេ​បាន​ប្រើ​ពេល ១​ទឹក​ប៉ុណ្ណោះ​ផ្ដួល​កីឡាករ​ឥណ្ឌូនេស៊ី​ឲ្យ​សន្លប់ ដើម្បី​គ្រង​ខ្សែ​ក្រវាត់ WBA Asia លើកដំបូង​ក្នុង​អាជីព​របស់​ខ្លួន៕​

Credit: BTV