កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និងក្លឹបលីគកំពូលម៉ាឡេស៊ី PKNS FA បានឈានដល់ចែកផ្លូវគ្នាហើយ បន្ទាប់ពីកីឡាករកម្ពុជាម្នាក់នេះប្រកបអាជីពនៅក្លឹបនេះបានជាងពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះ។ នេះបើតាមការចុះផ្សាយរបស់វិបសាយ stadiumastro បានចុះផ្សាយ។
ចាន់ វឌ្ឍនាកា ពេលបង្ហាញខ្លួនលើទីលាន (រូបថត៖ PNKS)
តាមការផ្សាយរបស់ stadiumastro លោក Md Adi Harmizi Ariffin អគ្គលេខាធិការក្លឹប PKNS បាននិយាយថា កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវចាកចេញពី PKNS កំឡុងពេលរដូវកាលដោះដូរដែលត្រូវបានបិទកាលពីថ្ងៃម្សិលមិញ។
លោកនិយាយថា ៖«វត្តមានរបស់ ចាន់ វឌ្ឍណាកា បានមានឥទ្ធិពលដល់PKNS ប៉ុន្តែយុទ្ធសាស្ត្ររបស់ក្រុម យើងត្រូវតែផ្លាស់ប្តូរផែនការជាមួយកីឡាករដែលយើងមាន»។ ការបញ្ចេញ ចាន់ វឌ្ឍនាកា បានធ្វើឲ្យក្លឹប PKNS សម្លឹងឃើញកីឡាករថៃកូនកាត់ Kittiphong Pluemjai ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធ។
ចាន់ វឌ្ឍនាកា បង្ហាញខ្លួនបានល្អកាលពីជើងទី១ដោយរកគ្រាប់បាល់បាន២គ្រាប់ និងassist បាន៤ដង ប៉ុន្តែនៅជើងទី២ធ្វើមិនបានល្អ សូម្បីជម្រើស១១នាក់ដំបូងអត់ជាប់ដែរ៕