លោក Luciano Spalletti ត្រូវបានបណ្តេញចេញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Inter Milan ខណៈដែលក្លិបរបស់អ៊ីតាលីមួយនេះ ត្រូវបានរំពឹងទុកថា នឹងយកលោក Antonio Conte អតីតគ្រូបង្វឹករបស់ក្រុម Chelsea មកជំនួសវិញ។
លោក Spalletti ដែលនៅជាប់កិច្ចសន្យាមួយរហូតដល់ឆ្នាំ២០២១ បានដឹកនាំឲ្យក្រុម Inter ឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១ ក្នុងរយៈពេល៦ឆ្នាំ ក្នុងរដូវកាលទី១របស់លោក។ នៅឆ្នាំនេះ ក្រុមរបស់លោក បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Serie A និងបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គចែកពូល។ លោក Conte មិនទាន់មានការងារធ្វើ ចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្លិប Chelsea កាលពីខែកក្កដា ឆ្នាំមុន។
ក្លិប Inter បានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីមានពិន្ទុស្មើជាមួយនឹងក្រុមឈរលេខ៣ Atalanta។ ក្លិប Inter បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Luciano Spalletti លែងជាគ្រូបង្វឹកបង្គោលរបស់ក្រុមជម្រើសដំបូងឡើយ។ ក្លិបនេះ សូមថ្លែងអំណរគុណដល់លោក Spalletti ចំពោះការងាររបស់លោក និងលទ្ធផលដែលសម្រេចបានរួមគ្នា»៕
ប្រភពព័ត៌មាន៖ BBC
លោក Spalletti ត្រូវបានបណ្តេញចេញ ខណៈលោក Conte ចូលកាន់តំណែងនៅ Inter
អត្ថបទទាក់ទង