ខ្សែការពារ Virgil van Dijk របស់ក្រុម Liverpool បានបញ្ជាក់ថា ការឈឺចាប់ដោយសារតែការចាញ់ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន កំពុងតែលើកទឹកចិត្តដល់រូបគេ និងមិត្តរួមក្រុមរបស់គេ ខណៈដែលពួកគេត្រៀមជួបក្រុម Tottenham នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្រោមស្នាដៃក្រុម Real Madrid ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៨។ ខ្សែប្រយុទ្ធ Gareth Bale បានស៊ុតបាល់បញ្ចូលទី១គ្រាប់យ៉ាងល្អសម្រាប់ក្រុមយក្សអេស្ប៉ាញមួយនេះ ស្របពេលដែលអ្នកចាំទី Loris Karius បានប្រព្រឹត្តកំហុសសម្រាប់ការបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន២គ្រាប់ពីក្រុម Real។
ខ្សែការពារអន្តរជាតិហូឡង់ Van Dijk បានប្រាប់បណ្តាញសារព័ត៌មាន BBC Sport ថា៖ «ខ្ញុំបានស្រូបយកបទពិសោធជាច្រើនពីការចាញ់នោះ ហើយជាការរំពឹងទុក ខ្ញុំអាចប្រើប្រាស់បទពិសោធនោះបាន។ ការចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ ពិតជាឈឺចាប់ណាស់»។ Liverpool កំពុងតែសម្លឹងរកការឈ្នះពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី៦ នៅពេលដែលពួកគេជួបក្រុម Spurs ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា នៅកីឡដ្ឋាន Wanda Metropolitano ក្នុទីក្រុងម៉ាឌ្រីដ។
Van Dijk ក៏កំពុងតែសង្ឃឹមលើការឈ្នះពានជាលើកទី១របស់គេជាមួយនឹងក្លិបអង់គ្លេសផងដែរ ក្រោយពីបានផ្ទេរទៅកាន់កីឡដ្ឋាន Anfield ពីក្លិប Southampton កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន៧៥លានផោន ដែលជាតម្លៃខ្លួនជាកំណត់ត្រាសម្រាប់ខ្សែការពារម្នាក់។ ក្រុម Liverpool ដែលជាម្ចាស់ជើងឯករងក្នុងក្របខ័ណ្ឌ Premier League បានបញ្ចប់ដោយរកបានពិន្ទុនាំមុខលើក្រុម Tottenham ចំនួន២៦ពិន្ទូ ក្រោយពីបានផ្តួលពួកគេ ២-១ ទាំងការប្រកួតក្នុង និងក្រៅដី៕
ប្រភពព័ត៌មាន៖ BBC
Van Dijk ត្រៀមលុបចោលការឈឺចាប់ពេល Liverpool ជួប Spurs វគ្គផ្តាច់ព្រ័ត្រ ថ្ងៃសៅរ៍នេះ
អត្ថបទទាក់ទង