​​​ ខ្សែការពារ Sergio Ramos កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលពាក្យចរចាមអារ៉ាមផ្សេងៗថា រូបគេអាចនឹងចាកចេញពីក្លិប Real Madrid នៅរដូវក្តៅនេះ តាមរយៈការបញ្ជាក់ថា រូបគេចង់បន្តលេងរហូតដល់ចូលនិវត្តន៍នៅឯក្លិបនេះ ហើយក៏មានទំនាក់ទំនងល្អជាមួយនឹងប្រធានក្លិបលោក Florentino Perez ផងដែរ។

Ramos ប្រធានក្រុមនៃក្រុម Real Madrid បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅលើទីលានហ្វឹកហាត់របស់ក្លិនៅតំបន់ Valdebebas «ដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាមផ្សេងៗដែលបានកើនឡើងកាន់តែខ្លាំង ឲ្យបានឆាប់តាមដែលអាច»។ កីឡាកររូបនេះបានបញ្ជាក់ថា៖ «ខ្ញុំចង់បញ្ជាក់ពីអនាគតរបសខ្ញុំឲ្យបានច្បាស់។ ខ្ញុំគឺជាអ្នកគាំទ្ររបស់ក្លិប Real Madrid ខ្ញុំចង់ចូលនិវត្តន៍នៅទីនេះ ហើយតើមានអ្វីល្អប្រសើរជាងការកសាងក្រុមនេះឡើងវិញទៅ?»។

Ramos និងលោក Perez បានឈ្លោះប្រកែកគ្នាកាលពីខែមីនា ក្រោយពីការរងបរាជ័យរបស់ក្រុម Real Madrid ក្រោមស្នាដៃក្រុម Ajax ក្នុងក្របខ័ណ្ឌ Champions League ហើយទំនាក់ទំនងរបស់ពួកគេ បានស្ថិតក្នុងភាពប្រេះស្រាំចាប់តាំងពីពេលនោះមក។

លោក Perez បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងស្ថានីយវិទ្យុអេស្ប៉ាញ Onda Cero កាលពីថ្ងៃចន្ទថា Ramos បានបញ្ជាក់ថា រូបគេបានទទួលសំណើមួយក្នុងការផ្ទេរទៅចិន ប៉ុន្តែ ក្លិបនោះមិនមានលទ្ធភាពក្នុងការចំណាយលើការផ្ទេរនេះឡើយ។ លោក Perez បានបញ្ជាក់ថា លោកបានឆ្លើយតបទៅវិញថា Real នឹងមិនអនុញ្ញាតឲ្យប្រធានក្រុមរបស់ខ្លួនចេញដោយគ្មានតម្លៃខ្លួនឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia