(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យមួយសម្រាប់ខ្លួន ក្រោយឈ្នះ ជើងឯកពានរង្វាន់ថ្នាក់ខេត្ត នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម ជម្រើសខេត្តសៀមរាប ១-០ នៅកីឡដ្ឋានវិសាខា កាលពីយប់មិញ គ្រាដែលលេខ៣ បានទៅខេត្តរតនគិរី ក្រោយយកឈ្នះខេត្តកោះកុង ៣-១។
ជាមួយនឹងជ័យជម្នះដ៏តានតឹងនេះ ក្រុមទាំងពីរ សល់សមាជិកលើទីលានត្រឹម ១០នាក់ប៉ុណ្ណោះ ក្រោយអាជ្ញា កណ្ដាលពិន័យកាតក្រហមម្ខាងម្នាក់នៅតង់ទី១ ខណៈ ៤៥នាទីដំបូង គ្មានការស៊ុតបញ្ចូលទីគ្នាឡើយ។ ប៉ុន្ដែសំណាងល្អ ចូលតង់ទី២ ភ្លាមមិនបាន ១នាទីស្រួលបួលផង កីឡាករ លី រមី បានបណ្ដើរបាល់យ៉ាងលឿន ស៊ុតបំប៉ោងសំណាញ់ទីខេត្តសៀមរាប ១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ដ្បិតសៀមរាប ព្យាយាមវាយ បក តែមិនបានសម្រេចឡើយ។
ដូច្នេះខេត្តត្បូងឃ្មុំ បានក្លាយជាខេត្តកូនពៅ ដែលបានលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដោយរក្សា កំណត់ត្រាឈ្នះគ្រប់ប្រកួត តាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មិនសម្គាល់ពាក្យចាញ់ម្ដងឡើយ។
ចំពោះរង្វាន់ជ័យលាភីវិញ រួមមានក្រុមជើងឯក ខេត្តត្បូងឃ្មុំ ទទួលបាន ១៥លានរៀល, ជើងឯករង ខេត្តសៀមរាប ទទួលបាន ៧លាន និង ៥០ម៉ឺនរៀល ខណៈក្រុមលេខ៣ ខេត្តរតនគិរី ទទួលបាន ៥លានរៀល។ រីឯគ្រូបង្វឹកល្អ គឺលោក ផល រស្មីពេជ្រ គ្រូបង្វឹកត្បូងឃ្មុំ ទទួលបាន ៥០ម៉ឺនរៀល, កីឡាករល្អ បានទៅកីឡាករ សំអាត រ៉ាវី មកពីត្បូងឃ្មុំ ទទួលបាន ៥០ម៉ឺនរៀល និងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ បានទៅកីឡាករ ម៉ាត់ អ៊ីហ្សា មកពីកោះកុង ទទួលបាន ៥០ម៉ឺនរៀល។
អ្វីដែលពិសេស សម្រាប់ក្រុមទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ពោលគឺមានខេត្តត្បូងឃ្មុំ សៀមរាប និងរតនគិរី សុទ្ធតែទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឬវគ្គ ១៦ក្រុមចុង ក្រោយ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជា នាពេលឆាប់ៗខាងមុខ។ រីឯកម្មវិធីចាប់គូប្រកួតពានថ្នាក់ជាតិ នឹងធ្វើឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះ៕
ត្បូងឃ្មុំលើកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ក្រោយឈ្នះសៀមរាប ១-០ ខណៈមានសមាជិក ១០នាក់ស្មើគ្នា
អត្ថបទទាក់ទង