យោងតាមព័ត៌មាននៅលើទូរទស្សន៍អេស្ប៉ាញបានចុះផ្សាយថា Sergio Ramos ប្រធានក្រុមអធិរាជស Real Madrid បានស្នើសុំលោក Florentino Pérez ដើម្បីចាកចេញពីក្លឹប ប៉ុន្តែសំណើរលើកឡើងនេះត្រូវបានបដិសេធ ក្រោយពីកីឡាករខ្សែការពារកណ្តាលចាស់វស្សារបស់ Real Madrid បានទទូចសុំប្រធានក្លឹប Florentino Pérez អនុញ្ញាតឱ្យរូបគាត់បានផ្ទេរទៅកាន់លីកកំពូលនៅប្រទេសចិន។
យោងប្រភពដដែលខាងលើបានចុះផ្សាយថាៈ Ramos មានវ័យ ៣៣ឆ្នាំត្រូវបានបញ្ចុះបញ្ចូលដោយការផ្តល់ប្រាក់ខែដ៏ច្រើនពីក្លឹបនៅលីកកំពូលចិន Chinese Super League ហើយអ្វីដែលសំខាន់នោះគឺអតីតកីឡាករក្រុម Sevilla ចង់ផ្ទេរចេញដោយគ្មានតម្លៃខ្លួន(Free Transfer) និងមិនមានអ្វីជាឧបសគ្គដែលក្លឹបរបស់គេត្រូវរារាំងនោះទេ។
ការស្នើសុំនេះធ្វើឡើងដោយ Ramos ត្រូវបានគេរាយការណ៍ថាបានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំដែលរួមបញ្ចូលទាំង René Ramos ជាបងប្រុសនិងភ្នាក់ងាររបស់គាត់លោក Julio Senn និងមេធាវីរបស់គេព្រមទាំងប្រធានក្លឹបលោក Florentino Pérez។ ជាលទ្ធផលប្រធានក្លឹបរូបនេះបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការស្នើសុំនេះយ៉ាងខ្លីថា: អ្នកមិនអាចចាកពីក្រុមបានទេ ហើយក៏មិនត្រូវផ្តល់តំណែងដល់នរណាម្នាក់ផ្សេងនាពេលនេះដែរ។
ប្រធានក្រុម Sergio Ramos ស្នើសុំលោក Florentino Pérez ចេញទៅលេងនៅលីកកំពូលចិន
អត្ថបទទាក់ទង