​​សំ ថារ័ត្ន ​​ជា​កីឡាការិនី​​​ដែល​​គេ​ស្គាល់​តាម​រយៈ​ការ​ប្រើ​ក្បាច់​គុន​ល្បុក្កតោ​ និង​ ​ជា​​តារា​ភាព​យន្ត​ស្រី​ចូល​ចិត្ត​​សម្ដែង​តួ​វ៉ៃ​ទាត់​​ធាក់​នោះ​​បាន​បង្ហើប​អំពី​បញ្ហា​ប្រឈម​នានា​ពេល​ទៅ​ផ្សព្វផ្សាយ​ខ្សែ​ភាព​យន្ត​​ឯក​សារ​ «ការ​រស់​ឡើង​វិញ​នៃ​ល្បុក្កតោ» ​ឬ ​«Surviving Bokator» ​នៅ​​សហរដ្ឋ​អាមេរិក​​នា​​ពេល​ថ្មីៗ​នេះ​​ដូច​ជា ​​មាន​តែ​ម្នាក់​ឯង​​អត់​មាន​ក្រុម​ការងារ​​ ការ​ខ្វះ​​ខាត​អត់​អ្នក​ឧបត្ថម្ភ​ និង​ ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពី​រដ្ឋ​មួយ​ទៅ​​រដ្ឋ​មួយ​ជា​ដើម​ដែល​ជា​ពេល​វេលា​ប្រថុច​ញ៉ុច។​

​កីឡាការិនី ​សំ ថារ័ត្ន ​ទើប​​បញ្ចប់​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាព​យន្ត​​ឯក​សារ​រ​ក្បាច់​គុន​ខ្មែរ​ខាង​លើ​​នៅ​​​ក្រុង​ Los Angeles ​សហរដ្ឋ​អាមេរិក​ ​កាល​ខែ​ មករា​ មុន​​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ម្ដង​ទៀត​​នា​​ពាក់​កណ្ដាល​ខែ​ឧសភា ​នេះ​​​ហើយ​អាច​បន្ត​​ការ​លើក​កម្ពស់​ផ្សព្វផ្សាយ​ពី​ ៣ ​សប្ដាហ៍​ទៅ​ ១​ ​ខែ។ ​​ទីតាំង​គម្រោង​ដែល​​​កូន​សិស្ស​លោក​គ្រូ​ សាន គឺមស៊ាន​ ​​ត្រូវ​ទៅ​ផ្សព្វផ្សាយ​​ មាន​ដូច​ជា​រដ្ឋ​ Boston, Lowell និង​ Minnesota ​​ជា​ដើម និង​អាច​​បន្ត​ទៅ​​ក្រុង​ផ្សេង​ ​​ដែល​​ភាគ​ច្រើន​​ទៅ​ផ្សព្វ​​​ក្នុង​តំបន់​​មាន​ខ្មែរ​ស្នាក់​នៅ​ និង​​ ជា​អំណោយ​ផល​សាយ​ភាយ​ដល់​បរទេស​នៅ​ក្នុង​តំបន់​នោះ។ ​

កីឡាការិនី​វ័យ​ ២៨ ​ឆ្នាំ​រូប​នេះ​គូស​បញ្ជាក់​ថា ​៖«​ខ្ញុំ​មក​ទី​នេះ​អត់​មាន​អ្នក​ជួយ​ឧបត្ថម្ភ​អ្វី​ទេ​​ ប៉ុន្តែ​​មក​ទី​នេះ​ដោយ​​សារ​បង​ប្អូន​ខ្មែរ​​ដែល​ស្គាល់ៗ​​ គាត់​អញ្ជើញ​​មក​ ឬ ​មិត្ត​ភ័ក្ដិ​គេ​ស្គាល់​ គេ​ជួយ​​​ផ្ដល់​កន្លែង​ស្នាក់​នៅ​​មិន​អស់​លុយ​ ឬ ​បង​ប្អូន​ខ្មែរ​ខ្លះ​គាត់​អាណិត​ស្រលាញ់​ក៏​គាត់​ជួយ​ឲ្យ​ស្នាក់​នៅ​ដែរ។ ​​ទោះ​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​ឈ្មុសឈ្មុល​​ដោយ​ហេតុ​​ថា ​​សូម្បី​ខ្មែរ​ខ្លះ​នៅ​អាមេរិក​ ក៏​គាត់​មិន​ដែល​ស្គាល់​ក្បាច់​គុន​​ល្បុក្កតោ​​ខ្មែរ ហើយ ​ពួក​គាត់​មាន​មោទនភាព​​​ចំពោះ​ក្បាច់​គុន​នេះ​ និង ​លើក​ទឹក​ចិត្ត​​ឲ្យ​កូន​ចៅ​​​ហ្វឹកហាត់​ក្បាច់​គុន​ដូន​តា​​នេះ​ទៀតផង​»។

កីឡាការិនី​ដដែល​​បញ្ជាក់​ថា​ ក្នុង​ភាព​យន្ត​​ឯកសារ​នេះ​មិន​ត្រឹង​តែ​​​ក្បាច់​គុន​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​ ​មាន​រឿង​រ៉ាវ​ទាក់ទង​នឹង​ជីវិត​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​​ផង។ ​តួ​សំខាន់​នៅ​ក្នុង​រឿង​​នេះ​ចង់​មាន​គ្នា​ទៅ​ជួយ​ផ្សព្វផ្សាយ​​នៅ​អាមេរិក​ដែរ​ ប៉ុន្តែ​ ​ពេល​វេលា​ និង​ អ្នក​​ឧបត្ថម្ភ​ក៏​ជា​បញ្ហា​ធំ​​ ព្រោះ​ទៅ​ម្ដងៗ​មាន​រយៈ​ពេល​វែង​ ហើយ​ ​​ ​ថា​រ័ត្ន​​ខ្លួន​​ឯង​ ក៏​ចោល​ការងារ​ជា​ជា​ច្រើន​ដែរ​ដើម្បី​​ផ្សព្វផ្សាយ​ក្បាច់​គុន​វប្បធម៌​របស់​ខ្មែរ។ ​

ក្រៅ​ពី​នេះ​​​កីឡាការិនី​ដែល​ធ្លាប់​ប្រកួត​គុន​ចម្រុះ​បាន​ចំនួន​ ៦ ​ដង​បាន​​​រៀប​រាប់​បន្ត​ថា​ ការ​ទៅ​ផ្សព្វផ្សាយ​នេះ​ទទួល​បាន​ផល​ចំណេញ​​ផ្សេង​ទៀត​ក្រៅ​ពី​ក្បាច់​គុន​ ព្រោះ​មាន​បរទេស​ជា​ច្រើន​បាន​​ចោទ​សួរ​ថា ​៖ «​ល្បុក្កតោ​ជា​អ្វី​? មក​ពី​ណា​ ហើយ​ស្រុក​ខ្មែរ​នៅ​​ឯណា? ខ្ញុំ​បាន​ឆ្លើយ​​និង​ពន្យល់​ជា​ហូរ​ហែ​ ថា​​ស្រុក​ខ្មែរ​នៅ​ជា​ប់​ ថៃ​ វៀតណាម​ និង ​ឡាវ ​​ហើយ​ ​មាន​អង្គរវត្ត​ជា​ប្រាសាទ​​ល្បី​ឈ្មោះ​ជា​ដើម​ និង ​បាន​​ឆែក​ផែន​ឲ្យ​មើល​ជាក់​ស្ដែង​ផង​ដែរ»។

កីឡាការិនី​​ដែល​​ធ្លាប់​ចូល​រួម​​​សម្ដែង​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ​របស់​​ផលិតករ​ Angelina Jolie រូប​នេះ​រៀប​រាប់​ទៀត​ថា​ ភាគ​ច្រើន​​ជន​បរទេស​នៅ​អាមេរិក​ស្គាល់​ «មួយ​ថៃ​» ច្បាស់​ជាង​​ក្បាច់​ល្បុក្កតោ​ ​ហើយ​ នេះ​ជា​​មូល​ហេតុ​​ដែល​ជំរុញ​ឲ្យ​រូប​គេ​មិន​រាថយ​ដើម្បី​លើក​តម្កើង​ក្បាច់​គុន​ខ្មែរ​ឲ្យ​គេ​បាន​ស្គាល់។ ​កីឡាការិនី​ធ្លាប់​ឡើង​សង្វៀន​ ONE ​​​សង្កត់​ធ្ងន់​បែប​​នេះ​៖«​​​និយាយ​រឿង​លំបាក​គឺ​ លំបាក​សព្វ​បែប​យ៉ាង។​ តាម​ពិត​ខ្ញុំ​មិន​ចង់​រអ៊ូ​ទេ​ ​តែ​បង​សួរ​ហើយ​ខ្ញុំ​ក៏​ប្រាប់​ទៅ​ ខ្ញុំ​ត្រូវ​ការ​​ជំនួយ​ភ្លាមៗ ​តែ​​មិន​អាច​ទៅ​រួច។ ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ …ខ្ញុំ​ត្រូវ​ធ្វើ​ម្នាក់​​ឯង ​​យើង​​​​ធ្វើ​ទាំង​តក់​ក្រហល់​អត់​មាន​ពេល​គ្រប់​គ្រាន់​ ហើយ ​ពី​រដ្ឋ​​មួយ​ទៅ​រដ្ឋ​​​មាន​ម៉ោង​ខុស​គ្នា​ហើយ​ការ​ធ្វើ​ដំណើរ​ក៏​អស់​កម្លាំង»។

ការ​ផ្សព្វផ្សាយ​​​ខាង​លើ​ធ្លាប់​ធ្វើ​ ៣ ដង​រួច​​មក​ហើយ។​ នៅ​ឆ្នាំ​ ២០១៧​ ​កីឡាករិនី​ក្បាច់​គុន​​​ល្បុក្កតោ​បាន​ទៅ​ផ្សាព្វផ្សាយ​នៅ​​ក្រុង​ Long Beach ​រដ្ឋ​​ California , ​ឆ្នាំ​ ២០១៨ ​ទៅ​​ នៅ​ក្រុង Austin រដ្ឋ​ Texas , ​និង​ Dallas ​ជា​ដើម​​ហើយ​ បន្ទាប់​មក​នៅ​ New York ​​មុន​ទៅ​ផ្សព្វផ្សាយ​នៅ​ ​Toronto ​ប្រទេស​កាណាដា។ ​

​គួរ​ដឹង​ដែរ​ថា​​ភាព​យន្ដ​​​ឯក​សារ​ «ការ​រស់​ឡើង​វិញ​នៃ​ល្បុក្កតោ» ​ឬ ​«Surviving Bokator» ​​​ត្រូវ​បាន​រៀប​ចំ​ចាប់​ផ្ដើម​ថត​តាំង​ពី​ឆ្នាំ​២០​១០​ មក​ម្ល៉េះ​ដោយ​ប្រើ​ពេល​មិន​ក្រោម​ ៨​ ​ឆ្នាំ​​ទេ​ដើម្បី​បញ្ចប់​​ខ្សែ​ភាព​យន្ត​នេះ។ ​នេះ​ជា​​ការ​​ត​ស៊ូ​ព្យាយាម​ ដើម្បី​​​ធ្វើ​ឲ្យ​​ក្បាច់​គុន​វប្បធម៌​ខ្មែរ​ត្រូ​វ​​គេ​ទទួល​ស្គាល់​​ និង​ ថែ​​រក្សា​​សម្រាប់​​កីឡាករ​ ឬ ​យុវជន​ជំនាន់​ក្រោយ។ ​ភាព​យន្ត​នេះ​ដឹក​នាំ​ផលិត​ដោយ​ផលិត​ករ​ Mark Bochsler ​សញ្ជាតិ​​កាណាដា​ ​ដោយ​​សហការ​ជា​មួយ​លោក​គ្រូ​តា​​ក្រមា​មាស​ សាន គឺមស៊ាន អតីត​​​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា៕

អត្ថបទ៖ ស៊ីធី ​ប្រភពពី: Khmer Komlang