សហ័ន្ធកីឡា​យុទ្ធគុន​ចម្រុះ​​​កម្ពុជា​ ឬ ​ហៅ​ថា ​CMMAF ​បើក​ដំណើរ​ការ​ចុះ​ឈ្មោះ​ក្លិប​​​ និង កីឡាករ​ជា​ផ្លូវ​ការ​នា​សប្ដាហ៍​​នេះ​ បន្ទាប់​ពី​រៀប​ចំ​​​ឯកសារ​រួច​រាល់។ ​នេះ​​ជា​ការ​​ប្រាប់​ឲ្យ​ពី​សំណាក់​ ​​​លោក​ កែ ប៊ិនសូរស្មី ​អនុប្រធាន​​សហព័ន្ធ​កីឡា​ដែល​ទើប​​ក​កើត​​ឡើង​កាល​​ខែ​ តុលា​ ​ឆ្នាំ​ ២០១៨​ កន្លង​ទៅ។

​​​​សហ័ន្ធកីឡា​យុទ្ធគុន​ចម្រុះ​​​កម្ពុជា​​មាន​ក្លិប​ជា​សមាជិក​ចំនួន​ ៥ ​ក្លិប​នា​ពេល​បច្ចុប្បន្ន​​ដូច​ជា​​ក្លិប​ប្រដាល់​ «សិល្បៈ», Cambodian Top Team, Prodal , Monster Factory ​និង​ ​ក្លិប​តា​ដំបង​ដែក​​។​ ​​​​ដ្បិត​​ក្លិប​ទាំង​នេះ​​ជា​សមាជិក​​ ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​​​ដែល​មាន​​ឯកសារ​ច្បាស់​លាស់​​សម្រាប់​ទាំង​​​ក្លិប ​និង កីឡាករ​នោះ​​ឡើយ។​ ​ដូច្នេះ​សប្ដាហ៍​នេះ​​ CMMAF នឹង​បញ្ជូន​​ឯកសារ​ផ្លូវ​ការ​ទៅ​ក្លិប​​នីមួយៗ​ និង​ ក្លិប​​មួយ​ចំនួន​ទៀត​ដែល​​មាន​បំណង​ចូល​ជា​សមាជិក​របស់​ CMMAF។ ​

លោក​អនុប្រធាន​ក្លិប​​គូស​បញ្ជាក់​ថា​ ៖«​យើង​​បើក​​​ចុះ​​ឈ្មោះ​ជា​ផ្លូវ​ការ​​សប្ដាហ៍​នេះ​​ទាំង​ក្លិប​ ​កីឡាករ និង​គ្រូ​បង្វឹក​​,​​ ចៅ​ក្រម​​ ​និង អាជ្ញា​កណ្ដាល​ជា​​​ដើម។​ ​​យើង​បាន​ដឹង​​​​ថា​វា​​​ជា​​ការ​ប្រើ​ពេល​​វេលា​ច្រើន​​​ ប៉ុន្តែ​វា​ជា​បេសកកម្ម​របស់​សហព័ន្ធ​យើង។​ យើង​ចង់​ឲ្យ​មាន​​ការ​រួម​គ្នា​ដើម្បី​ការ​អភិវឌ្ឍន៍​គុន​ចម្រុះ​នៅ​កម្ពុជា»។ ​លោក​​សង្ឃឹម​ថា​​នឹង​មាន​​ក្លិប​ជា​ច្រើន​ទៀត​​បន្ត​ចុះ​ឈ្មោះ​​ហើយ​​ត្រូវ​​​តែ​​រួម​​គ្នា​​ដើម្បី​​នាំ​​ឲ្យ​កីឡា​គុន​ចម្រុះ​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​កាន់​តែ​​ល្អ​ប្រសើរ​​ឡើង​ពី​​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ។ ​​ក្បាច់​គុន​​​នេះ​​​ត្រូវ​តែ​​បង្ហាញ​លើ​ឆាក​​អន្តរជាតិ​តាម​​រយៈ​ទង់​ជាតិ​កម្ពុជា​ និង​ ​​ក្នុង​បំណង​បង្ហាញ​មោទនភាព​​​ជាតិ​​​​ក្នុង​កម្រិត​ពិភព​លោក។

លោក​អនុប្រធាន​​កូន​​ខ្មែរ​កើត​នៅ​បារាំង​រូប​​នេះ​សង្កត់​ធ្ងន់​​​​យ៉ាង​ដូច្នេះ​ ៖«​កីឡាករ​​គ្រប់​រូប​ត្រូវ​តែ​ចុះ​​ឈ្មោះ​​ពេល​ស្ថិត​នៅ​ក្លិប​ដែល​ជា​សមាជិក។ ​ហើយ​ក្នុង​នោះ​កីឡាករ​ខ្លះ​នៅ​ក្រៅ​ប្រទេស​​ដែល​ជា​​កូន​កាត់​ ​ដូច​ជា ​កម្ពុជា-បារាំង, កម្ពុជា​-អាមេរិក, ឬ កម្ពុជា-អូស្ត្រាលី ​ជា​ដើម​នោះ​​​ក៏​អាច​ចុះ​ឈ្មោះ​​ផ្ទាល់​ជា​មួយ​ពួក​យើង​បាន​ដែរ។ ​​ក្លិប​នៅ​បរទេស​ក៏​​ទទួល​ស្វាគមន៍​ជា​និច្ច»។ ​​បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​រួចរាល់​​​ ​គ្រូ​បង្វឹក​ ឬ កីឡាករ​​ទាំង​អស់​​នឹង​លេច​ឡើង​នៅ​​​លើ​ វិបសាយ​ ​របស់​សហព័ន្ធ​ជា​មួយ​កំណត់​​ត្រា​ការ​ប្រកួត​ ដូច​ជា​ ចាន់ រតនា, ​នៅ ស្រីពៅ ឬ ​​រិន សារ័ត្ន ជា​ដើម។

ក្រៅ​ពី​​​ប្រឹងប្រែង​ការងារ​នេះ​ ​​សហព័ន្ធ​កំពុង​​តែ​ធ្វើ​ការងារ​ជា​ច្រើន​ទៀត​ដើម្បី​ជំរុញ​​ដល់​​ក្លិប​​នៅ​​ក្រោម​​ឱវាទ​ និង ​កីឡាករ​​ដើម្បី​​ឲ្យ​ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​នានា។​ ​សហព័ន្ធ​ក៏​នឹង​​បង្កើត​ឲ្យ​មាន​​ការ​បណ្ដុះបណ្ដាល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​​កីឡាករ​ផង​ដែរ​ ក្នុង​គោល​បំណង​ចង់​ឲ្យ​កីឡាករ​មាន​ស្មារតី​​ប្រើ​ប្រាស់​​ការ​ផ្សព្វផ្សាយ ​​​ការ​ប្រើប្រាស់​​បណ្ដាញ​សង្គម​ឲ្យ​បាន​ត្រឹម​ត្រូវ ​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​គាំ​ទ្រ​ និង ​វិធី​ឆ្លើយ​​ក្នុង​បទ​សម្ភាសន៍​​ផ្សេងៗ។

​CMMAF ​​ចូល​រួម​អភិវឌ្ឍ​​​ថ្នាល​យុវជន​កីឡាករ​គុន​ចម្រុះ​​ ​និង​ ជួយឲ្យ​​​ក្លិប​នៅ​ក្នុង​ស្រុក​​​មាន​ការ​គ្រប់គ្រង​ច្បាស់​លាស់​ ​ថែម​ទាំង​បណ្ដុះបណ្ដាល​​ឲ្យ​​​បាន​ជើង​ខ្លាំង​ជំនាន់​ថ្មី​​​យក​ទៅ​ប្រកួត​​​លំដាប់​ថ្នាក់​អន្តរជាតិ។ ​បើ​សិន​មាន​ក្លិប ឬ ​កីឡាករ​​ចង់​ចុះ​ឈ្មោះ​ជា​ផ្លូវ​​ការ​​​ជា​មួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ​​សូម​ទាក់​ទង​តាម​រយៈ​​អ៊ីម៉ែល៖ contact@cambodian-mma-federation.org ​ឬ ​តាម​ទូរសព្ទ​​លេខ​ +85578 63 16 54 និង​ ​ទាក់​ទង​ WhatsApp: +33786221680៕

អត្ថបទ៖ ស៊ីធីCredit: https://khmerkomlang.com/