ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ថ្មីសន្លាងមួយទៀត ឈ្មោះថា «ពានរង្វាន់ជើងឯកវិទ្យាល័យ ឆ្នាំ២០១៩» នឹងត្រូវលេចរូបភាព ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លិបបាល់ទាត់បឹងកេត ខណៈប្រាក់រង្វាន់ ដែលត្រូវប្រគល់ជូនដល់ក្រុមម្ចាស់ជយលាភី គឺមានចំនួនស្មើទៅនឹងប្រាក់រង្វាន់ ដែលត្រូវប្រគល់ជូនដល់ក្រុមម្ចាស់ជយលាភីលីកកំពូលកម្ពុជា។
ក្រុមមកពីគ្រឹះស្ថានចំណេះដឹងទូទៅរបស់រដ្ឋ និងឯកជនចំនួន៩ បានដាក់ពាក្យចូលរួម ក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះមានក្រុមវិទ្យាជាស៊ីមច្បារអំពៅ, វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យចាក់អង្រែ, វិទ្យាល័យឬស្សីកែវ, វិទ្យាល័យជាស៊ីមសាមគ្គី, វិទ្យាល័យបឹងត្របែង, សាលាវេស្ទឡាញន៍, វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី។
ក្រុមទាំង៩នេះ ត្រូវបានតម្រូវឲ្យមានការប្រកួតតាមរូមមន្តលីកកំពូលកម្ពុជា គឺប្រកួតវិលជុំចំនួន២ជើង ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ជើងឯកតែម្តង ខណៈការប្រកួត នឹងត្រូវធ្វើនៅរៀលរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៦ ខែមិថុនា ខាងមុខនេះតទៅ។
បើបូកសរុបតែថ្ងៃប្រកួតជាក់ស្តែង គឺការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យនេះ ប្រើពេលតែ៣៦ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចំពោះប្រាក់រង្វាន់ ដែលនឹងត្រូវប្រគល់ជូនដល់ក្រុមម្ចាស់ជយលាភី មានចំនួនច្រើន ស្មើទៅនឹងការប្រាក់រង្វាន់លីកកំពូលកម្ពុជា គឺក្រុមលេខ១ នឹងទទួលបាន៦០លានរៀល ក្រុមលេខ២ បាន៤០លានរៀល និងក្រុមលេខ៣ បាន២០លានរៀល។
ក្រៅពីមានប្រាក់រង្វាន់ច្រើន គឺព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡា ពិសេសស្វែងរកកីឡាករមានសមត្ថភាព នៅក្នុងស្រទាប់សិស្សានុសិស្ស ឲ្យទទួលបានឱកាសចូលប្រឡូកវិស័យបាល់ទាត់ ក្នុងក្លិបអាជីពបឹងកេត។ នេះបើតាមការលើកឡើងរបស់លោក បែ មករា នៅក្នុងសន្និសីទស្តីពីការប្រកួតនេះ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍។
លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បាននិយាយថា៖ «គោលបំណងរបស់ក្លិប ដែលបានចូលរួមរៀបចំពានរង្វាន់នេះ គឺយើងចង់បានកីឡាករល្អៗ ថ្មីៗ ហើយអ្នកទាំងនោះ ជាកីឡាករវ័យក្មេង ដែលមានសមត្ថភាពល្អៗ អ៊ីចឹងនៅគ្រប់ការប្រកួត យើងមានក្រុមបច្ចេកទេសជំនាញ សម្រាប់តាមដាន ដើម្បីយើងអាចជ្រើសរើសបានកីឡាករល្អពិតប្រាកដ ដើម្បីយកមករួមរស់ជាមួយក្លិបបឹងកេតរបស់យើង»។
ចំណែកលោក ងួន សុភៈ ប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា៖ «យើងបង្កើតពានរង្វាន់នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យមានសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរ ព្រមទាំងអាចសម្រិតសម្រាំងបានធនធានកីឡាករសម្រាប់បន្តវេន ហើយក៏ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសិស្សានុសិស្ស ផងដែរ»៕