អ្នក​លេង​គុន​ខ្មែរ​មក​ពី​សៀមរាប​ ឬទ្ធិ​ សាស្រ្តាវុធ​ ការ​ប្រកួត​មាន​ចាញ់​ និង​ឈ្នះ​ ចាញ់​លើក​នេះ​ចាត់​ទុក​ជា​បទ​ពិសោធ​ ប៉ុន្តែ​សោកស្ដាយ​ដែល​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត​នៃ​កម្មវិធី​ពាន​រង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម​នេះ។​

កូន​សិស្ស​លោក​ ជា​ ឬទ្ធិ​ ខាង​លើ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ជា​មួយ​កីឡាករ​ សូត្រ​ វាសនា​ គឺ​ពិបាក​វ៉ៃ​ព្រោះ​គេ​វែង​ ពេលចូល​ទៅ​កៀកត្រូវគេ​ធាក់​កាត់​រហូត​ ដូច្នេះ​ពិបាក​តាម​វ៉ៃ​គេ​ខ្លាំង​ណាស់។​ ចាញ់​ឈ្នះ​គ្នា​យ៉ាង​ប្រផឹតប្រផើយ​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​រូប​នេះ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ដោយ​សារ​តែ​អ្វី​ដែល​ខំ​ប្រឹង​ប្រែង​តាំង​ពី​ដំបូង​ត្រូវ​បញ្ចប់​ក្រោម​ដៃ​ សូត្រ​ វាសនា​ នេះ​តែ​ម្ដង។​

សាស្រ្តាវុធ​ ឲ្យ​ដឹង​ទៀត​ថា​ ចាញ់​លើក​នេះ​ចាត់​ទុក​ជា​បទ​ពិសោធ​ ហើយ​នៅ​ពេល​ខាង​មុខ​បើ​មាន​ឱកាស​នឹង​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ឈាន​ដល់​វគ្គ​សំខាន់​ៗ​ ឬ​អាច​ឈ្នះ​ពាន​ក៏​ដូច​ជា​ខ្សែក្រវាត់​អ្វី​ជា​ដើម។​

កីឡាករ​ ឬទ្ធិ​ សាស្រ្តាវុធ​ ចាញ់​កីឡាករ​ សូត្រ​ វាសនា​ ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ហើយ​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ពាន​រង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម​ត្រឹម​ជុំ​ទី២ វគ្គ​១៦នាក់​នេះ​ហើយ៕​