ក្រុមជម្រើសជាតិកម្ពជា នៅតែអាចរក្សាបាននៅការយកឈ្នះលើក្រុមម្ចាស់ផ្ទះប៉ាគីស្ថាន សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ នៃវគ្គជម្រុះ World Cup 2022 និង Asian Cup 2023 ជុំទី១ ក្នុងតំបន់អាស៊ី កាលពីរាត្រីថ្ងៃអង្គារ ម្សិលមិញនេះ ដើម្បីបន្តដំណើរឡើងទៅប្រកួតជុំទី២។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋាន Hamad bin Khalifa Stadium នាទីក្រុង Doha ប្រទេសកាតា កាលពីរាត្រីថ្ងៃអង្គារនេះ ក្រុមកម្ពុជា បានរងសម្ពាធខ្លាំង ខណៈក្រុមម្ចាស់ផ្ទះប៉ាគីស្ថាន បានព្យាយាមវាយលុក ដើម្បីស្វែករកការមានប្រៀបលើក្រុមកម្ពុជាវិញ ដែលបានឈ្នះពួកគេ ២-០ ក្នុងជើងទី១នោះ។ បន្ថែមទៅលើស្ថានភាពដ៏តានតឹងនេះ ក្រុមកម្ពុជា ដែលដឹកនាំដោយគ្រូបង្គោល លោក Felix Dalmas និងអ្នកចាំការទូទៅក្រុម លោក Keisuke Honda កាន់តែរងសម្ពាធខ្លាំង ខណៈខ្សែប្រយុទ្ធ Hassan Bashir រកគ្រាប់បាល់បើកឆាកឲ្យក្រុមជម្រើសជាតិប៉ាគីស្ថាន ត្រឹមនាទីទី១៨ តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់គេនោះ។
ទោះបីជាយ៉ាងណា ការព្យាយាមវាយបកទៅតាមកាលៈទេសៈជាក់ស្តែង បានផ្តល់ឱកាសឲ្យកីឡាករ សេត រ៉ស៊ីប ស៊ុយទម្លុះសំណាញ់ទីប៉ាគីស្ថាន បាន១គ្រាប់វិញ នៅនាទីទី៦៤ ខណៈរូបគេបានទទួលការបញ្ជូនបាល់ចេញពីជើងរបស់ខ្សែប្រយុទ្ធ កែវ សុខផេង យ៉ាងល្អនោះ ហើយនៅនាទីទី៨៩ខ្សែបម្រើ រ៉ឹង ប៊ុនហៀង បានបន្ថែម១គ្រាប់ទៀត ជួយឲ្យកម្ពុជា បន្តឈ្នះលើក្រុមប៉ាគីស្ថាន ២-១ ដ៏គួរឲ្យរំភើបបំផុត។
តាមរយៈការឈ្នះទាំង២ជើង ជាមួយលទ្ធផលសរុប ៤-១ នេះបានជួយឲ្យក្រុមជម្រើសជាតិកម្ពុជា បានឡើងទៅប្រកួតជុំទី២ ជាលើកទី២ ខណៈជុំទី២ ដែលមាន៨ពូល ស្មើនឹង៤០ក្រុមនេះ នឹងធ្វើការចាប់ឆ្នោត នៅថ្ងៃទី១៧ ខែកក្កដា នៅទីក្រុង Doha ប្រទេសកាតា។
បើតាមព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើផេចហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងនាំយកភាពជោគជ័យរបស់ពួកគេ មកដល់មាតុប្រទេសវិញ គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលម៉ោង៣០:៤០ ថ្ងៃពុធនេះ៕
ក្រុមជម្រើសជាតិកម្ពុជា នឹងនាំយកជោគជ័យ ពីកាតា មកដល់មាតុប្រទេសវិញ នៅរសៀលម៉ោង ៣:៤០ ថ្ងៃនេះ
អត្ថបទទាក់ទង