កីឡាករ Marco Verratti រកបានមួយគ្រាប់ ដើម្បីជួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ផ្តួលក្រុមជម្រើសជាតិសូស្ន៊ី ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងបារាំង បានរកគ្រាប់បាល់បញ្ចូលទីជាច្រើនក្នុងពេលដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅរបស់ពួកគេ។
ខ្សែប្រយុទ្ធ Edin Dzeko បានជួយឲ្យក្រុមជម្រើសជាតិបូស្ន៊ី មានគ្រាប់បាល់នាំមុខមុន នៅទីក្រុង Turin ប៉ុន្តែ ខ្សែប្រយុទ្ធ Lorenzo Insigne បានរកគ្រាប់បាល់តាមស្មើវិញក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីបញ្ចប់តង់ទី១ ហើយ Verratti បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨៦ ដើម្បីជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះជាលើកទី៤ ពីការប្រកួតទាំង ៤លើកសម្រាប់ក្រុមរបស់លោក Roberto Mancini ក្នុងពូល J តែម្តង។ លោក Mancini បានឲ្យដឹងថា៖ «ខ្ញុំបានរំពឹងទុក ពីភាពស្វិតស្វាញ ប៉ុន្តែ យើងបានបង្ហាញពីភាពខ្លាំង និងការជឿជាក់ក្នុងការវាយបកវិញ។ រឿងដ៏សំខាន់នោះគឺថា យើងកំពុងឈរលេខ១ក្នុងពូល»។
ក្រុមម្ចាស់ជើងឯកពិភពលោក បារាំង បានស្តារមុខមាត់ពីការចាញ់នៅលើទឹកដីក្រុមជម្រើសជាតិតួកគី កាលពីចុងសប្តាហ៍មុន ដើម្បីយកឈ្នះលើក្រុមអង់ដូរ៉ា ក្នុងលទ្ធផល ៤-០។ លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «យើងបានបញ្ចេញប្រតិកម្មយ៉ាងល្អ ក្រោយពីមិនបានលេងក្នុងកម្រិតជាធម្មតារបស់យើង កាលពីថ្ងៃសៅរ៍ ពេលជួបក្រុមតួកគី។ វាហាក់ដូចជាងាយស្រួលនៅថ្ងៃនេះ ហើយភាពតានតឹងមិនដូចគ្នាឡើយ ប៉ុន្តែ យើងលេងបានយ៉ាងល្អ»។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះលើក្រុមអេស្តូនី យ៉ាងងាយ ខណៈដែលកីឡាករ Serge Gnabry និង Marco Reus បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៨-០៕
អ៊ីតាលី ផ្តួល បូស្ន៊ី ទាំងលំបាក ខណៈអាល្លឺម៉ង់ និងបារាំង ឈ្នះដោយងាយ
អត្ថបទទាក់ទង