Lionel Messi បានក្លាយជាអត្តពលិកដែលរកបានចំណូលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes ទាក់ទងនឹងបញ្ជីឈ្មោះរបស់អ្នកកីឡាករមានជាងគេបំផុតប្រចាំឆ្នាំរបស់ពួកគេ។

តារាឆ្នើមអន្តរជាតិអាហ្សង់ទីន Messi របស់ក្លិប Barcelona បានផ្តួលតារាប្រដាល់ដែលចូលនិវត្តន៍ Floyd Mayweather ក្នុងនាមជាអត្តពលិករកបានចំណូលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្រោយពីរកបាន ១២៧លានដុល្លារអាមេរិក តាមរយៈប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ។ ការរកបានចំណូលដ៏ខ្ពស់នេះ ធ្វើឲ្យ Messi ឈរពីលើ Cristiano Ronaldo ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់របស់ក្លិប Juventus រូបនេះ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយរកបាន ១០៩ឡានដុល្លារអាមេរិក។

ខ្សែប្រយទ្ធអន្តរជាតិប្រេស៊ីល Neymar របស់ក្លិប Paris Saint-Germain បានបំពេញចំណាត់ថ្នាក់កំពូលទាំង៣ ដែលគ្រប់គ្រងដោយកីឡាករបាល់ទាត់ តាមរយៈការឈរលេខ៣ ដោយរកបានចំណូល ១០៥លានដុល្លារអាមេរិក។ អ្នកដែលរកបានចំណូលខ្ពស់ជាងគេបំផុតទី៤នៅលើបញ្ជីគឺកីឡាករប្រដាល់សញ្ជាតិម៉ិកស៊ិក Saul “Canelo” Alvarez ក្រោយពីរកបាន ៩៤លានអឺរ៉ូ។

កីឡាករវាយកូនបាល់ Roger Federer បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ក្រោយពីរកបានប្រាក់ចំណូលសរុប ៩៣,៤លានដុល្លារ។ តារាឆ្នើមមកពីក្របខ័ណ្ឌកីឡាបាល់ឱប NFL និងកីឡាបាល់បោះ បានបំពេញចំណាត់ថ្នាក់កំពូលទាំង១០ ខណៈដែលខ្សែបម្រើ Russell Wilson របស់ក្លិប Seattle Seahawks ឈរលេខរៀងទី៦ ដោយរកបាន៨៩,៥លានដុល្លារ ដើម្បីនាំមុខលើកីឡាករ Aaron Rodgers របស់ក្លិប Aaron Rodgers ក្រោយពីរកបាន៨៩,៣លានដុល្លារអាមេរិក៕