ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane អាចនឹងវិលពីរបួសទាន់ពេលវេលាសម្រាប់ការប្រកួត២លើកចុងក្រោយនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
នេះបើយោងទៅតាមការបញ្ជាក់របស់គ្រូបង្វឹកនៃក្រុម Tottenham Hotspur លោក Jose Mourinho កាលពីថ្ងៃអង្គារ។ Kane កំពុងតែសម្រាកព្យាបាលពីការវះកាត់ដើម្បីព្យាបាលរបួសទៅលើសរសៃពួរគន្លាក់ជើងរបស់គេ ដែលរូបគេបានជួបប្រទះក្នុងពេលក្រុម Tottenham បានរងបរាជ័យក្រោមស្នាដៃក្រុម Southampton នៅថ្ងៃចូលឆ្នាំថ្មី។ Tottenham ធ្លាប់បានបញ្ជាក់កាលពីមុនថា តារាឆ្នើមវ័យ២៦ឆ្នាំរូបនេះ នឹងត្រូវវិលទៅហ្វឹកហាត់វិញនៅខែមេសា បើទោះបីមានព័ត៌មានចេញផ្សាយថា រូបគេអាចនឹងត្រូវអវត្តមានរយៈពេល៦ខែក៏ដោយ។
ប៉ុន្តែ ទោះបីជាយ៉ាងណា នៅពេលដែលត្រូវបានចោទសួរថា Kane អាចចូលលេងម្តងទៀតនៅរដូវកាលនេះ ឬយ៉ាងណា លោក Mourinho បានប្រាប់អ្នកយកព័ត៌មានថា៖ «រូបគេនឹងចូលលេងក្នុងពេលជួបជាមួយនឹងក្រុម Leicester នៅថ្ងៃទី៩ ខែឧសភា។ យើងប្រហែលជាត្រូវការការប្រកួតនោះ ដើម្បីធ្វើតេស្ត។ យើងប្រហែលជាត្រូវការការប្រកួតនោះដើម្បីសាកល្បង»។ លោកបានបន្ថែមទៀតថា៖ «ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ យើងប្រហែលជាត្រូវការប្រកួតនោះដើម្បីអ្វីមួយ ហើយរូបគេប្រហែលជាអាចជួយដល់យើង។ ខ្ញុំសង្ឃឹមបែបនោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia