ក្រុម Manchester United បានជួបភាពអាម៉ាស់ ខណៈដែលសម្ពាធផ្សេងៗបានកើតឡើងលើលោក Ole Gunnar Solskjaer ក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Burnley ស្របពេលដែលក្រុម Tottenham បានបង្កើនក្តីសង្ឃឹមនៃការប្រជែងដណ្តើមបាន លេខ៤របស់ខ្លួន តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Norwich កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Solskjaer បានរងបរាជ័យជាលើកទី៣របស់ខ្លួន ក្នុងចំណោមការប្រកួត៤លើកចុងក្រោយនៃក្របខ័ណ្ឌ Premier League ដែលធ្វើឲ្យសន្តិសុខការងាររបស់គ្រូបង្វឹករូបនេះ ស្ថិតក្រោមការត្រួតពិនិត្យ។
ការដណ្តើមបានជ័យជម្នះជាលើកទី១របស់ក្រុម Burnley ក្នុងការប្រកួតក្របខ័ណ្ឌកំពូលនាកីឡដ្ឋាន Old Trafford បើគិតចាប់តាំងពីឆ្នាំ១៩៦២ បានកើតឡើង ក្រោយពីការរកគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Chris Wood នៅនាទី ទី៣៩ និងគ្រាប់បាល់ដ៏អស្ចារ្យរបស់ Jay Rodriguez បន្ទាប់ពីសម្រាកតង់ទី១។
ជ័យជម្នះនេះ បានបន្ថែមភាពត្រដាបត្រដួសដល់ក្រុម Man United ដែលបានចាប់ផ្តើមរដូវកាលដ៏អន់បំផុតបើគិតចាប់តាំងពីរដូវកាលឆ្នាំ១៩៨៩-១៩៩០។ ចំណុចដ៏គួរឲ្យចាប់អារម្មណ៍នាកីឡដ្ឋាន Old Trafford គឺជាអ្នកគាំទ្ររបស់ពួកគេ នៅពេលដែលការស្រែកបន្ទរគ្នានៃឃ្លា «ក្រោកឈរឡើង ប្រសិនបើអ្នកស្អប់គ្រួសារ Glazers» ត្រូវបានបន្លឺឡើងជុំវិញកីឡដ្ឋាន ដើម្បីវាយប្រហារទៅកាន់ម្ចាស់ក្លិប Man United។ លោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិប ក៏បានរងនូវការស្រែកចំអកឲ្យដែរ ស្របពេលដែលអ្នកគាំទ្រដែលនៅតែមានវត្តមានកីឡដ្ឋាន បានស្រែកចំអកឲ្យលោក Solskjaer និងកីឡាកររបស់លោករហូតបញ្ចប់ការប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia