លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ជឿជាក់ថា ក្រុមរបស់លោកនៅតែមានឱកាសក្នុងការបង្កើតឲ្យមានការប្រជែងដណ្តើមចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier League ប្រសិនបើពួកគេផ្តួលក្រុម Chelsea នាកីឡដ្ឋាន Stamford Bridge នៅរាត្រីនេះ។
ក្រុម Chelsea កំពុងតែស្ថិតក្នុងទីតាំងដ៏រឹងមាំសម្រាប់ការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ខណៈដែលពួកគេនាំមុខ៥ពិន្ទុដាច់លើក្រុម Manchester United និងក្រុម Wolves ក៏ដូចជានាំមុខ១០ពិន្ទុដាច់លើក្រុម Arsenal ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១០។
ក្រុមកាំភ្លើងធំមួយនេះ ដណ្តើមបានជ័យជម្នះត្រឹមតែ១លើកគត់ ក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក៥ប្រកួត បើគិតចាប់តាំងពីលោក Arteta បានចូលកាន់តំណែងកាលពីខែមុន ប៉ុន្តែការរងបរាជ័យតែ១លើករបស់ពួកគេ ក្នុងចំណោមការប្រកួតទាំងនោះ បានកើតឡើងនៅពេលប្រកួតជាមួយនឹងក្រុមរបស់លោក Frank Lampard ក្នុងការប្រកួតនៅថ្ងៃនៃការដឹកនាំក្រុមជាលើកទី១របស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ។
ក្រុម Arsenal បាននាំមុខ ១-០ នាកីឡដ្ឋាន Emirates នៅមុនពេលក្រុម Chelsea រកបាន២គ្រាប់ក្នុងរយៈពេល១០នាទីចុងក្រោយ ដើម្បីផ្លាស់ប្តូរលទ្ធផលនៃការប្រកួតនោះ និងការប្រជែងដណ្តើមលេខ៤។
ក្នុងសន្និសីទមុនពេលការប្រកួត កាលពីថ្ងៃចន្ទ លោក Arteta បានឲ្យដឹងថា៖ «វាពិតជាសំខាន់ណាស់សម្រាប់យើងក្នុងការឈ្នះការប្រកួតដើម្បីប្រជែងយកតំណែងនោះ។ ការប្រកួតដែលយើងបានលេងនៅលើទឹកដីខ្លួនឯង វាគួរតែបានបង្កើតឲ្យមានការប្រែប្រួលដ៏ធំមួយ ហើយយើងស្ទើរតែដណ្តើមបានជ័យជម្នះទៅហើយ។ នៅថ្ងៃស្អែកនេះ យើងត្រូវតែឈ្នះ»៕
ប្រភពព័ត៌មាន៖ Channel News Asia