លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានផ្ដោតលើភាពរីកចម្រើនជាងលទ្ធផលដដែល មុនប្រកួតកាត់សេចក្ដីជើងទី២ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាននាវេលាម៉ោង ១១យប់នេះនៅទីក្រុងដូហាប្រទេសកាតា ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ (2022 FIFA World Cup qualification-AFC)។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានថ្លែង ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីម្សិលមិញថា ក្រុមបានត្រៀមខ្លួនរួចហើយ តែសំខាន់យើងផ្ដោតលើការរីកចម្រើនជាក្រុម មិនមែនផ្ដោតលើលទ្ធផលពេកនោះទេ ហើយលោកសង្ឃឹម និងជឿជាក់លើកូនក្រុមរបស់ខ្លួន នឹងបន្តខិតខំប្រឹងប្រែងធ្វើបានល្អ ដើម្បីនាំភាពសប្បាយរីករាយជូនអ្នកគាំទ្រកម្ពុជាជាថ្មី។
ដោយឡែកលោក José Antonio Nogueira គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថានបានអះអាងថា ក្រុមរបស់លោកបានកែតម្រូវចំណុចខ្វះខាតមួយចំនួន បន្ទាប់ពីចាញ់កម្ពុជាក្រៅដីពិសេសតំបន់ប្រយុទ្ធ ដែលពួកគេត្រូវបានពង្រឹងបន្ថែម ក្រោយមានឱកាសស៊ុតកម្ពុជាជាច្រើនលើក តែត្រូវបានសង្គ្រោះបាល់យ៉ាងល្អពីអ្នកចាំទីកម្ពុជា កែវ សុខសិលា កាលពីជួបគ្នាជើងទី១។ ប៉ាគីស្ថានបានប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីវាយបកយកឈ្នះកម្ពុជា។
គួរបញ្ជាក់ថា កាលពី ៦ថ្ងៃមុនក្រុមជម្រើសជាតិកម្ពុជា បានស៊ុតបំប៉ោងសំណាញ់ក្រុមភ្ញៀវប៉ាគីស្ថាន ២–០ លើទឹកដីខ្លួនពីការធ្វើសម្រេចដោយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា និងខ្សែប្រយុទ្ធដ៏ចាស់វស្សា គួច សុកុម្ភៈ។ ប៉ុន្តែជ័យជម្នះនេះមិនទាន់ត្រូវបានពេញចិត្តពីគ្រូបង្វឹកលោក Felix នោះទេ ដោយសារលោកចង់ឃើញកូនក្រុមបន្ដធ្វើបានល្អ និងដណ្ដើមបានជ័យជម្នះជាថ្មីក្នុងជំនួបជើងទី២ ជាមួយប៉ាគីស្ថានយប់នេះបន្ដទៀត៕
Credit: BTV
គ្រូកម្ពុជារក្សាជំហរចាស់មុនប៉ះប៉ាគីស្ថានយប់នេះក្នុងជើងទី២ វគ្គជម្រុះ World Cup 2022
អត្ថបទទាក់ទង