Wayne Rooney អតីតប្រធានក្រុម Man.United បាននិយាយថា «ការចុះហត្ថលេខានាំយកកីឡាករឆ្នើមលំដាប់កំពូលដូចជា Lionel Messi, Cristiano Ronaldo, Gareth Bale និង Sergio Ramos នឹងមិនអាចដោះស្រាយបញ្ហាដែលកំពុងកើតមាននៅឯក្លិប Manchester United នាពេលបច្ចុប្បន្ននេះបានទេ»។
អតីតកីឡាករជើងចាស់របស់ក្រុមជម្រើសជាតិអង់គ្លេស Rooney ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅលីកកំពូលអាមេរិក MLS ជាមួយក្រុម DC United បានយល់ឃើញថាអតីតក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer នឹងមិនទាន់មានសមត្ថភាពពេញលេញដើម្បីចូលរួមប្រជែងពាន Premier League នៅរដូវកាលក្រោយបាននោះទេ។
Rooney បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំរូបនេះបន្តប្រាប់ BBC Radio 5 Live’s Sportsweek ថា: រឿងដំបូងដែល Ole ត្រូវធ្វើគឺកសាងក្រុម ខ្ញុំមិនគិតថាការនាំកីឡាករម្នាក់ឬពីរនាក់ក្នុងតម្លៃ ១០០លានផោននោះនឹងជួយក្រុម ដំណើរការបានល្អដូចការរំពឺងទុកនោះទេ។ គាត់គួរចំណាយទិញកីឡាករដែលមានតម្លៃចន្លោះពី ៣០ ទៅ ៤០លានផោនសម្រាប់កីឡាករដែលមានសក្តានុពល និងកសាងធនធាន ដូច្នេះយ៉ាងហោចណាស់ ៥ ទៅ ៦នាក់។
អ្នកអាចនាំកីឡាករ Ronaldo, Messi, Ramos ឬ Bale ប៉ុន្តែវានឹងចំណាយអស់ ៣៥០លានផោន ហើយយ៉ាងច្រើនណាស់ពីរឆ្នាំក្រោយទៀតប៉ុណ្ណោះអ្នកនឹងសោកស្តាយការចំណាយនោះ។
Messi ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំនិង Ronaldo របស់ក្លឹប Juventus បច្ចប្បន្នមានវ័យ ៣៤ឆ្នាំបានឈ្នះពានរង្វាន់បាល់មាស ៥ដងម្នាក់ ស្របពេល ប្រធានក្រុមអធិរាជស Sergio Ramos វ័យ ៣៣ ឆ្នាំរបស់ក្លិប Real Madrid បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកពានរង្វាន់អឺរ៉ុប និងពានរង្វាន់ Champions League ចំនួន ៤លើក។ រីឯកីឡាករ Bale វ័យ ២៩ឆ្នាំមិត្តរួមក្លឹប Ramos ក៏បានលើកពាន European Cup បួនដងផងដែរ ហើយថែមទាំងមានទំនាក់ទំនងជាយូរមកហើយ ក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford បន្ទាប់ពីមិនជាប់ឈ្មោះក្នុងបញ្ជី ប្រើប្រាស់របស់គ្រូបង្វឹកលោក Zinidine Zidane ។