Li Tie អតីតខ្សែបម្រើក្រុម Everton ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិចិនជាផ្លូវការណ៏។ បុរសវ័យ ៤២ឆ្នាំរូបនេះបានចូលមកដឹកនាំក្រុមបន្តពីអតីតគ្រូបង្វឺកដែលនាំអ៊ីតាលីឈ្នះ World Cup ២០០៦ គឺលោក Marcello Lippi ដែលបានលាឈប់ពីការងារជាលើកទី២ កាលពីខែវិច្ឆិកា បន្ទាប់ពីដឹកនាំក្រុមចាញ់ស៊ីរី ២-១ ក្នុងវគ្គជម្រុះត្រៀមចូលរួមព្រឹត្តការណ៏ World Cup ឆ្នាំ២០២២។
Li ធ្លាប់បានបានបង្ហាញខ្លួន ៩២លើកឱ្យក្រុមជម្រើសជាតិចិននិងធ្លាប់បានចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ក្នុងនាមប្រទេសកូរ៉េ-ជប៉ុនជាម្ចាស់ផ្ទះ និងធ្លាប់លេងអោយ Everton ចន្លោះឆ្នាំ ២០០២-២០០៦។ ក្រោយបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៤០ប្រកួតក្រោមការដឹកនាំរបស់លោក David Moyes ក្នុងលក្ខណ្ឌខ្ចីជើង គាត់បានផ្លាស់ទៅ Sheffield United ក្នុងឆ្នាំ២០០៦ និងលេងបានមួយប្រកួតប៉ុណ្ណោះ មុនពេលវិលត្រឡប់ទៅប្រទេសចិនក្នុងឆ្នាំ២០០៨។
បន្ទាប់ពីចូលនិវត្តន៍ពីការលេងនៅឆ្នាំ ២០១១ លោកលីធ្លាប់ជាជំនួយការគ្រូបង្វឹករបស់ Guangzhou Evergrande និងចិនមុនពេលចូលកាន់តំណែងជាមួយក្រុម Hebei Fortune ហើយបន្ទាប់មកគឺ Wuhan Zall ពេលថ្មីៗនេះគាត់បានដឹកនាំក្រុមជម្រើសជាតិចិនដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីបូព៌ានៅប្រទេសកូរ៉េខាងត្បូងក្នុងខែធ្នូកន្លងទៅនេះ។