​​​ លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ជឿជាក់ថា ការខកចិត្តដ៏ជូរចត់នៃការចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងរយៈពេល១២ខែ នឹងក្លាយជាការលើកទឹកចិត្តដែលក្រុមរបស់លោកត្រូវការដើម្បីឆ្ពោះទៅជំហានបន្ទាប់ នាព្រឹត្តិការណ៍ Euro នៅឆ្នាំក្រោយនេះ។

ក្រោយពីចាញ់ក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុមជម្រើសជាតិហូឡង់ ក្នុងយុទ្ធនាការ Nations League វគ្គ៤ក្រុមចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមរបស់លោក Southgate បានទទួលរង្វាន់លួងចិត្តតាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ តាមរយៈការផ្តួលក្រុមជម្រើសជាតិស្វ៊ីស ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងលទ្ធផល ៦-៥ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតនៅទីក្រុង Guimaraes។

លោក Southgate បានឲ្យដឹងថា៖ «ខ្ញុះគិតថា សម្រាប់ខ្ញុំ ជំហានដ៏សំខាន់បន្ទាប់ ពីកម្រិតនៃ ការខកចិត្តដែលយើងមិនបានបន្សល់ទុកទីនេះ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះពាន»។ លោកបានបន្ថែមទៀតថា៖ «នេះគឺជាការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដមួយសម្រាប់យើងទាំងអស់គ្នា ដែលយើងដឹងនៅពេលនេះថា យើងមិនមានឱកាសច្រើនក្នុងនាមជាក្រុមអន្តរជាតិមួយឡើយ ហើយយើងត្រូវតែធ្វើឲ្យប្រាកដចិត្តថា យើងពិតជាស្រេកឃ្លានក្នុងការឈានទៅកាន់ជំហានបន្ទាប់ ក្នុងរយៈពេល៣ ទៅ៤ឆ្នាំមុខទៀត»។

អ្នកចាំទី Jordan Pickford បានក្លាយជាវីរបុរសក្នុងការស៊ុតបាល់ប៉េណាល់ទីម្តងទៀតសម្រាប់អង់គ្លេស ហើយក្រោយពីការជួបការខកចិត្តអស់រយៈពេលជាច្រើនឆ្នាំដោយសារតែបាល់ប៉េណាល់ទី ក្រុមរបស់លោក Southgate ពេលនេះ បានឈ្នះ២លើក ក្រោយពីពួកគេក៏បានផ្តួលទម្លាក់ក្រុមកូឡុំប៊ី ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៃយុទ្ធនាការ World Cup កាលពីឆ្នាំមុន ដោយសារតែបាល់ប៉េណាលទី ដូចគ្នា ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia