ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ថា រូបគេមិនមានគម្រោងក្នុងការចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិ ភ្លាមៗ ក្រោយពីបានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ លើកពាន Nations League កាលពីថ្ងៃអាទិត្យ ឡើយ។
Ronaldo វ័យ៣៤ឆ្នាំ មិនបានបង្កើតការភ្ញាក់ផ្អើលក្នុងវគ្គផ្តាច់ព្រ័ត្រឡើយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Goncalo Guedes បានជួយឲ្យពួកគេយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ ក្នុងលទ្ធផល ១-០ ក្នុងទីក្រុង Porto។
ប៉ុន្តែ ក្រោយពីអវត្តមានក្នុងការប្រកួតវគ្គចែកពូលនៃយុទ្ធនាការ Nations League ដោយសារតែចង់ផ្អាកការបំពេញការតព្វកិច្ចក្នុងកីឡាបាល់ទាត់អន្តរជាតិ Ronaldo បានលេងក្នុងតួនាទីដ៏សំខាន់ក្នុងការជួយឲ្យក្រុមជម្រើសជាតិរបស់គេឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលយកឈ្នះលើក្រុមជម្រើសជាតិស្វ៊ីស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ។
ជាមួយនឹងការប្រជុំដោយកីឡាករវ័យក្មេងឆ្នើមៗជាច្រើន ដោយដឹកនាំដោយខ្សែបម្រើឆ្នើម Bernardo Silva របស់ក្លិប Manchester City កីឡាករ Ronaldo ពិតជាចង់មានឱកាសក្នុងការឈ្នះពានអន្តរជាតិជាច្រើនបន្ថែមទៀត ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្លឹងរកការការពារពាន Euro របស់ពួកគេ នៅឆ្នាំក្រោយ។ Ronaldo បានប្រាប់ទូរទស្សន៍ RTP របស់ព័រទុយហ្គាល់ថា៖ «ក្រុមព័រទុយហ្គាល់ បានឈ្នះពានសំខាន់ៗជាច្រើន ដូចជា Euro ឆ្នាំ២០១៦ និងពាន Nations League នៅពេលនេះ។
វាហាក់ដូចជាការងារដ៏ងាយស្រួលមួយ ប៉ុន្តែ វាពិតជាលំបាក វាតម្រូវឲ្យមានការលះបង់ជាច្រើន និងចន្ទៈផ្សេងៗ។ នៅពេលដែលខ្ញុំមានភាពខ្លាំង និងការលើកទឹកចិត្តនេះ ខ្ញុំនឹងបន្តបង្ហាញខ្លួនឲ្យក្រុមព័រទុយហ្គាល់»៕
ប្រភពព័ត៌មាន៖ Channel News Asia