ក្លឹប Liverpool បាន​លើក​ពាន​ FIFA Club World Cup ដោយ​បាន​យក​ឈ្នះ​ក្លឹប​ប្រេស៊ីល Flamengo ក្នុង​ម៉ោង​បន្ថែម​នា​នាទី​ទី៩៨ ក្នុង​លទ្ធផល ១-០។

ក្នុង​ប្រកួត​ ៩០​នាទី ក្លឹប​ទាំង​ពីរ​មាន​ឱកាស​ស៊ុត​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ជា​អកុសល​មិន​មាន​ក្រុម​ណា​មួយ​អាច​បំបែក​ពង​មាន់​បាន​ឡើយ។ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Roberto Firmino ស៊ុត​បុក​បង្គោល ខណៈ​ខ្សែ​ប្រយុទ្ធ​ Flamengo មួយ​រូប​ស៊ុត​យ៉ាង​ស្អាត​ តែ​ត្រូវ​បាន​ Alission សង្គ្រោះ​បាន​យ៉ាង​ល្អ។

នៅ​ចុង​ម៉ោង​ក្នុង​នាទី​ ៩០+ Liverpool ប៊ិះ​នឹង​បាន​បាល់​ពិន័យ​ ១១ម៉ែត្រ ដោយ​មាន​ការ​ទាក់​ជើង​លើ​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ Sadio Mane ប៉ុន្តែ​ក្រោយ​ពិនិត្យ​លើ VAR ហង្ស​ក្រហម​បាន​ត្រឹម​តែ​បាល់​ Free Kick។

នៅ​នាទី​ទី ៩៨ នៃ​ម៉ោង Extra Time ខ្សែ​ប្រយុទ្ធ​ Firmino ក្រោយ​បាន​បាល់​ពី Mane បាន​ញាក់​ដាច់​ទាំង​ខ្សែ​ការពារ និង​អ្នក​ចាំ​ទី​ ហើយ​ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​យ៉ាង​ស្អាត ដែល​ធ្វើ​ឲ្យ​ Liverpool ជា​ក្រុម​អង់គ្លេស​ទី ២ ដែល​បាន​ឈ្នះ FIFA Club World Cup៕