Inter Milan នឹងត្រូវតែដាក់ក្តីសង្ឃឹមលើ Romelu Lukaku សម្រាប់ការរកគ្រាប់បាល់របស់ពួកគេនៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ខណៈដែលក្រុមគូប្រជែងសម្រាប់ពានក្របខ័ណ្ឌ Serie A មួយនេះ មានបំណងក្នុងការតាមស្មើពិន្ទុជាមួយនឹងក្រុម Juventus ដោយគ្មានខ្សែប្រយុទ្ធ Lautaro Martinez។
ខ្សែប្រយុទ្ធទាំង២រូបនេះ បានស៊ុតបាល់បញ្ចូលទី១៨គ្រាប់ក្នុងចំណោមគ្រាប់បាល់សរុប៣២គ្រាប់របស់ Inter ក្នុងការប្រកួតលីកនារដូវកាលនេះ ខណៈដែលលោក Antonio Conte បានដឹកនាំឲ្យពួកគេស្ថិតក្នុងការប្រជែងដណ្តើមពានជាលើកទី១ក្នុងរយៈពេលជិត១ទសវត្សរ៍។
ប៉ុន្តែ តារាឆ្នើមអន្តរជាតិបែលហ្ស៊ិក Lukaku អាចនឹងត្រូវចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Sebastiano Esposito ដែលនឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Serie A ជាលើកទី១របស់គេ បន្ទាប់ពីការបង្ហាញពីទម្រង់លេងយ៉ាងល្អជាបន្តបន្ទាប់ក្នុងនាមជាកីឡាករបម្រុងសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ការបញ្ចប់ក្នុងលទ្ធផលស្មើ២លើកជាប់ៗគ្នា បានបង្អាក់ដំណើរទៅមុខរបស់ Inter ខណៈដែលគ្រាប់បាល់តាមស្មើរបស់កីឡាករ Dusan Vlahovic សម្រាប់ក្រុម Fiorentina កាលពីចុងសប្តាហ៍មុន បានអនុញ្ញាតឲ្យក្រុម Juventus តាមស្មើពិន្ទុ នៅមុនពេលឡើងឈរពីលើវិញដោយនាំមុខ៣ពិន្ទុ កាលពីថ្ងៃពុធ។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្រុម Maurio Sarri ដណ្តើមបានជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Sampdoria កាលពីពាក់កណ្តាលសប្តាហ៍នេះ ខណៈដែលពួកគេត្រៀមប្រកួតពាន Italian Super Cup ជាមួយនឹងក្រុម Lazio នៅចុងសប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ Channel News Asia