បរាជ័យ Arsenal ក្នុងលទ្ធផល ៣-០ នៅក្នុងទឹកដីខ្លួនឯងនាកីឡដ្ឋាន Emirates Stadium ទល់នឹងក្រុម Manchester City កាលពីថ្ងៃអាទិត្យធ្វើឱ្យក្តីសង្ឃឹមប្រជែងយកចំណាត់ថ្នាក់ក្រុមកំពូលទាំងបួនកាន់តែឃ្លាតឆ្ងាយ។
ក្លឹបហាក់មិនមានលទ្ធផលល្អប្រសើរឡើងឡើយក្រោយបញ្ចប់តួនាទីអតីតគ្រូបង្វឹកសញ្ជាតិអេស្បាញ លោក Unai Emery ស្របពេលក្រុមកាំភ្លើងធំបាន ផ្តល់ឪកាស អោយ ជំនួយការគ្រូបង្វឹកលោក Freddie Ljungberg ដឹកនាំក្លឹបបណ្តោះអាសន្ន(Care Taker)។
លើកឡើងទាក់ទងបញ្ហានេះអតីតខ្សែការពារស្តាំ Arsenal កីឡាករ Bacary Sagna បានបញ្ជាក់ពីការយល់ឃើញដូច្នេះថាៈ ម្ចាស់ក្លឹបមិនគួរបណ្តេញលោក Emery ទេប្រសិនបើពួកគេមិនមានផែនការច្បាស់លាស់នាពេលនេះនិងពេល អនាគតសម្រាប់ក្លឹប។
កីឡាករអន្តរជាតិបារាំងរូបនេះបន្ថែមថាៈ ប្រសិនក្លឹបមិនសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកដែលមានសមត្ថភាពដើម្បីជំនួសការបណ្តេញចេញនេះ អ្នកមិនគួរបណ្តេញអ្នកគ្រប់គ្រងដោយមិនមានអ្នកជំនួសនោះទេ។ សម្រាប់លោក Carlo Ancelotti? ខ្ញុំយល់ឃើញថាគាត់គឺជាបេក្ខភាពល្អម្នាក់ដែល ត្រូវបានគេគោរពនិងអោយតម្លៃក្នុងក្នុងពិភពបាល់ទាត់ហើយអាចនាំអ្វីមួយដែលល្អប្រសើរមកអោយក្លឹប។ លទ្ធផលនេះធ្វើឲ្យ Arsenal ឈរនៅចំណាត់ថ្នាក់លេខ ៩ និងមានគម្លាត២៧ ពិន្ទុពីក្រុមលីគកំពូល Liverpool មុនថ្ងៃ Christmas មកដល់៕