ការរង់ចាំរយៈពេលដ៏យូរអង្វែងរបស់ក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការឈ្នះពាន១ បើគិតចាប់តាំងពីឆ្នាំ១៩៦៦ នៅតែបន្ត ខណៈដែលក្រុមជម្រើសជាតិហូឡង់ នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Nations League នៅថ្ងៃអាទិត្យ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង ក្នុងទីក្រុង Guimaraes។
ការស៊ុតបាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Marcus Rashford បានជួយឲ្យក្រុមអង់គ្លេស ដែលមានរហស្សនាមថា តោកំណាចទាំង៣ មានគ្រាប់បាល់នាំមុខមុន ប៉ុន្តែ កីឡាករ Matthijs de Ligt បានលុបលាងកំហុសរបស់គេសម្រាប់ការធ្វើឲ្យមានគ្រាប់បាល់ប៉េណាល់ទី តាមរយៈការជួយឲ្យក្រុមខ្លួនតាមស្មើវិញនៅរយៈពេល១៧នាទីចុងក្រោយ។
Jesse Lingard បានគិតថា រូបគេបានជួយឲ្យក្រុមអង់គ្លេសឈ្នះការប្រកួតនៅចុងម៉ោងទៅហើយ ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទីរបស់គេ ត្រូវបានចាត់ទុកថា ជាបាល់ offside ដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល ហើយក្រុមជម្រើសជាតិហូឡង់ បានដណ្តើមយកប្រៀបទាំងស្រុង ដើម្បីកក់កៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រតែម្តង។
ក្រុមជម្រើសជាតិអង់គ្លេស បានប្រព្រឹត្តកំហុសសម្រាប់ការរបូតគ្រាប់បាល់ទាំង២គ្រាប់នៅនាទីបន្ថែម១៥នាទី២ដង ខណៈដែល John Stones និង Ross Barkley សុទ្ធសឹងបានធ្វើឲ្យមានកំហុសហើយ ហើយការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Kyle Walker និងគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ uincy Promes បានបំពេញជ័យជម្នះសម្រាប់ក្រុមហូឡង់តែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asia