Neymar និង Kylian Mbappe សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ខណៈដែលក្រុម Paris Saint-Germain បានរក្សាការនាំមុខ៥ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ក្រោយពីបានយកឈ្នះលើក្រុម Nantes ២-០ កាលពីថ្ងៃពុធ។
ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Mbappe ភ្លាមៗបន្ទាប់ពីតង់ទី១ និងការស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតរបស់ Neymar បានជួយឲ្យក្រុមម្ចាស់ផ្ទះ កត់ត្រាជ័យជម្នះដោយងាយនាកីឡដ្ឋាន Parc des Princes។ ក្រុម PSG ដែលការប្រកួតដែលត្រូវបានគ្រោងទុករបស់ពួកគេជាមួយនឹងក្រុម Monaco កាលពីសប្តាហ៍មុន ត្រូវបានពន្យាពេលដោយោសារតែបញ្ហាអាកាសធាតុនោះ ក៏នៅសល់១ប្រកួតក្នុងដៃ១លើកច្រើនជាងក្រុមឈរលេខ២ Marseille ខណៈដែលពួកគេកំពុងប្រជែងដណ្តើមពានក្របខ័ណ្ឌលីករបស់បារាំងជាលើកទី៧ ក្នុងរយៈពេល៨រដូវកាល។
Marseille ដណ្តើមបានជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Angers កាលពីថ្ងៃអង្គារ ដើម្បីកាត់បន្ថយគម្លាតមកនៅត្រឹម២ពិន្ទុ។ លោក Thomas Tuchel បានដាក់ឲ្យខ្សែប្រយុទ្ធ Neymar និង Mbappe ឲ្យចូលលេងជាមួយគ្នាក្នុងជម្រើសទាំង១១នាក់ដំបូងជាលើកទី១ នៅរដូវកាលនេះ បើទោះបីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានដាក់ឲ្យ Edinson Cavani និង Mauro Icardi ស្ថិតជាកីឡាករបម្រុងក៏ដោយ។
កាលពីថ្ងៃអង្គារ កីឡាករ Gelson Martins បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីជួយឲ្យក្រុម Monaco ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Toulouse ខណៈដែលអតីតក្រុមម្ចាស់ជើងឯកមួយនេះ បានកត់ត្រាជ័យជម្នះ៦លើក ក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក៩លើកចុងក្រោយរបស់ខ្លួន។ ក្រុម Saint-Etienne បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ ក្រោយពីបានយកឈ្នះលើក្រុម Nice ៤-១ ស្របពេលដែល Montpellier បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Dijon៕
ប្រភពព័ត៌មាន៖ Channel news Asia