ខ្សែប្រយុទ្ធ Gabriel Jesus បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Manchester City មិនបានបង្ហាញពីសញ្ញានៃការបោះបង់ការ ការពារពានក្របខ័ណ្ឌ Premier League របស់ពួកគេដោយងាយស្រួលឡើយ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Burnley ដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool មកនៅត្រឹម៨ពិន្ទុ។
ក្រុមរបស់លោក Pep Guardiola បានជួបភាពត្រដាបត្រដួស ក្នុងការតាមស្មើកម្រិតលេងដ៏ខ្លាំងរបស់ពួកគេ ដែលបាននាំឲ្យពួកគេឈ្នះពានកាលពីរដូវកាលមុន ប៉ុន្តែពួកគេហាក់បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅលើទឹកដី Turf Moor។
Jesus បានដណ្តើមយកឱកាសរបស់ខ្លួនដើម្បីបង្ហាញពីសមត្ថភាពក្នុងពេលអវត្តមានខ្សែប្រយុទ្ធ Sergio Aguero តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងល្អ នៅតង់ទីនីមួយៗ ដើម្បីបញ្ចប់ការមិនអាចរកបានគ្រាប់បាល់សោះតឹ្រម៨ប្រកួត នៅមុនពេលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែបម្រើ Rodrigo និង Riyad Mahrez បានជួយឲ្យក្រុម Man City ឡើងទៅឈរពីលើក្រុម Leicester ក្នុងចំណាត់ថ្នាក់លេខ២ ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។
Robbie Brady បានវាយបក១គ្រាប់វិញសម្រាប់ក្រុម Burnley ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ នៅលើតារាង។ ក្រុមភ្ញៀវបានគ្រប់គ្រងទាំងស្រុងចាប់ពីនាទី ទី១ រហូតដល់បញ្ចប់ការប្រកួត និងគួរតែរកបានគ្រាប់បាល់ច្រើនជាងនេះ ប៉ុន្តែ ពួកគេបានខ្ជះខ្ជាយឱកាសជាច្រើន ហើយអ្នកចាំទី Nick Pope បានបំពេញតួនាទីយ៉ាងល្អសម្រាប់ក្រុម Burnley៕
ប្រភពព័ត៌មាន៖ Channel news Asia