ប្រដាល់សកល៖ ប៉ុន្មានថ្ងៃមកនេះក្រោយលេចវត្តមានជើងខ្លាំងកូនខ្មែរ-អាមេរិក អេរីក ប៉ែន ភារុន លើសង្វៀន WBA Asia South ដោយផ្ដួលគូប្រកួតឲ្យសន្លប់ត្រឹមទឹកទី១ មានអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ និងស្មើឲ្យសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទាក់ទងរូបគេមកប្រកួតតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ។
ប៉ុន្តែអ្នកជំនាញកីឡាកម្ពុជាបានបញ្ជាក់ថា មានលក្ខខណ្ឌមួយចំនួនតម្រូវឲ្យ អ្នកប្រដាល់សកលទម្ងន់យក្សនេះធ្វើ ទើបគេអាចប្រកួតតំណាងកម្ពុជាលើប្រភេទកីឡាអូឡាំពិកបាន។ នេះបើតាមការអះអាងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្ដម វ៉ាត់ ចំរើន បានសម្ដែងការសាទរដែលមានកូនខ្មែរនៅបរទេស មានសមត្ថភាពល្អផ្នែកកីឡាជំនាញ ហើយឯកឧត្ដមក៏បានជំរុញសហព័ន្ធ ក្នុងការស្វែងរកទំនាក់ទំនងដើម្បីធ្វើការងារជាមួយ អេរីក ប៉ែន ក្នុងទិសដៅនាំគេមកប្រកួតតំណាងប្រទេសកំណើត ក្នុងនាមជាកីឡាករមានឪពុក-ម្ដាយជាខ្មែរផងដែរ។
ប៉ុន្តែឯកឧត្ដមបានបញ្ជាក់ថា ការប្រកួតរបស់ អេរីក ប៉ែន កន្លងមកគឺជាការប្រកួតអាជីព ក្នុងន័យនេះគេមិនអាចប្រកួតកីឡាអូឡាំពិកបានទេ ព្រោះមានលក្ខខណ្ឌផ្ទុយគ្នា ពោលគឺកីឡាអាជីពផ្ដោតលើការផ្ដួលគូប្រកួតឲ្យសន្លប់ ដើម្បីជ័យជម្នះ តែកីឡាអូឡាំពិកត្រូវការត្រឹមវាយចំគោលដៅ ដើម្បីទទួលបានពិន្ទុប៉ុណ្ណោះ។ ដោយហេតុនេះ អេរីក ប៉ែន អាចមកប្រកួតតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ដូចជាកីឡាស៊ីហ្គេម, អាស៊ីហ្គេម និងអូឡាំពិកហ្គេមបាន លុះត្រាតែគេសម្របការប្រកួតតាមលក្ខខណ្ឌប្រភេទកីឡាអូឡាំពិក។
តែយ៉ាងណាកម្ពុជានៅតែត្រៀមបើកទ្វារស្វាគមន៍ជានិច្ច ចំពោះវត្តមានកូនខ្មែរកើតលើទឹកដីអាមេរិករូបនេះ ក្នុងការមកប្រកួតតំណាងប្រទេសកំណើតរបស់ខ្លួន។ គួរបញ្ជាក់ថា អេរីក ប៉ែន គឺមានឪពុកម្ដាយជាខ្មែរនៅខេត្តកំពត ប៉ុន្តែរូបគេបានចាប់កំណើត និងធំដឹងក្ដីនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក។ លុះចម្រើនវ័យបានជាង ២០ឆ្នាំរូបគេក៏ចាប់ផ្ដើមហ្វឹកហាត់ប្រដាល់សកល រហូតវិវត្តន៍ក្លាយជាកីឡាករអាជីពកាលពីឆ្នាំ២០១៨ កន្លងទៅ ហើយកាលពីពេលថ្មីៗគេបានប្រើពេល ១ទឹកប៉ុណ្ណោះផ្ដួលកីឡាករឥណ្ឌូនេស៊ីឲ្យសន្លប់ ដើម្បីគ្រងខ្សែក្រវាត់ WBA Asia លើកដំបូងក្នុងអាជីពរបស់ខ្លួន៕
Credit: BTV
លក្ខខណ្ឌអ្វីខ្លះទើប អេរីក ប៉ែន អាចប្រកួតតំណាងប្រទេសកម្ពុជាបាន?
អត្ថបទទាក់ទង