លោក Mauricio Pochettino ត្រូវបានបណ្តេញចេញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Tottenham ស្របពេលដែលក្លិបមួយនេះ បានធ្វើការចរចារួចជាស្រេចជាមួយនឹងលោក Jose Mourinho ដើម្បីចូលកាន់តំណែងជាគ្រូបង្វឹកថ្មី។
លោក Mourinho ដែលមិនមានការងារធ្វើ ចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្លិប Manchester United កាលពីខែធ្នូនោះ មិនបានបិទបាំងពីបំណងរបស់លោកក្នុងការវិលទៅកាន់ក្របខ័ណ្ឌ Premier League វិញឡើយ។ លោក Daniel Levy ប្រធានក្លិប Spurs បានបើកកិច្ចពិភាក្សាផ្សេងៗជាមួយនឹងលោក Mourinho ដែលបានដឹកនាំក្លិប Chelsea ២លើក ខណៈដែលការពិភាក្សាទាំងនោះផ្តោតលើគម្រោងថវិកាទិញកីឡាករថ្មី និងទស្សនវិស័យរបស់ក្លិបសម្រាប់អនាគត។
លោក Levy គឺជាអ្នកស្ងើចសរសើរលោក Mourinho ជាយូរមកហើយ ហើយបច្ចុប្បន្ន ភាគីទាំង២ ជឿជាក់ថា ការព្រមព្រៀងគ្នាមួយ សម្រាប់រូបលោកក្នុងការចូលកាន់តំណែង កំពុងខិតកាន់តែកៀក។ Tottenham កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ នៅលើតារាងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ក្រោយពីបានកត់ត្រាជ័យជម្នះត្រឹមតែ៣លើកគត់ ពីការប្រកួតបើកឆាកចំនួន១២លើក ហើយបានធ្លាក់ចេញពីពានរង្វាន់ League Cup កាលពីខែកញ្ញា ក្រោមស្នាដៃស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Colchester United។
ក្លិប Tottenham បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបនេះសូមប្រកាសនៅថ្ងៃនេះថា លោក Mauricio Pochettino និងបុគ្គលិកគ្រូបង្វឹករបស់លោកដែលរួមមានលោក Jesus Perez, Miguel D’Agostino និង Antoni Jimenez ត្រូវបានបណ្តេញចេញពីការងាររបស់ពួកគេហើយ»៕
ប្រភពព័ត៌មាន៖ The Guardian